ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា និងភរិយា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅមណ្ឌលបឋមសិក្សា បឹងឈូកប្រជុំវង្ស រាជធានីភ្នំពេញ។
លោក ឯម ច័ន្ទមករា បានអំពាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ។
រដ្ឋលេខាធិការ លោក ឯម ច័ន្ទមករា ថានៅមណ្ឌលដែលលោកបានអញ្ជើញទៅបោះឆ្នោតគឺមានប្រជាពលរដ្ឋជាច្រើនបានទៅបោះឆ្នោត ហើយពុំមានការបង្ខិតបង្ខំឬបំភិតបំភ័យអ្វីឡើង។ លោកថានៅទីនោះគឺមានសភាពការណ៍ដំណើរការទៅដោយរលូន។
លោក ឯម ច័ន្ទមករា បានបង្ហាញនូវក្តីសង្ឃឹម និងជឿជាក់ថានៅថ្ងៃបោះឆ្នោតនេះនឹងមិនមានករណីអ្វីដែលមិនល្អកើតឡើង ហើយលទ្ធផលការបោះឆ្នោតនេះស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
សូមបញ្ជាក់ថា : គិតត្រឹមម៉ោង១៖០២នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាម ការបញ្ជាក់ពីលោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.បនៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ៕
ដោយ ៖ សិលា