ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលតែងតែគិតគូរដល់ជនមានពិការភាពឱ្យមានចំណេះដឹងបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋនិងឯកជន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយក្មួយៗកុមារគ ថ្លង់ និងពិការភ្នែក លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។

    ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរចំពោះក្មួយៗកុមារគថ្លង់ និងពិការភ្នែកពីកំណើតដែលត្រូវបានទទួលការអប់រំ រៀន សូត្រនៅតាមមជ្ឈមណ្ឌលទទួលបានចំណេះដឹងទូទៅ និងបច្ចេកទេសក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែគិតគូរដល់កូនៗ ចៅៗមានពិការភាពពីកំណើតឱ្យមានចំណេះដឹងមុខជំនាញដូចអ្នកមិនពិការ បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជនដែលមិនមានភាពរើសរអើងចំពោះជនពិការ ពីព្រោះថាមនុស្សយើងគ្រប់រូបកើតមកគឺមានទេពកោសល្យទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន មិនថាជាជនពិការឬមិនពិការឡើយ ។

    សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូដែលបានខិតខំបង្ហាត់បង្រៀនដល់ក្មួយៗទាំងអស់ រហូតបានរកនូវការងារជូនដល់សិស្សគ ថ្លង់ និងពិការភ្នែកបានធ្វើការនៅតាមបណ្តាក្រុមហ៊ុនឯកជន ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន។

   សម្តេចក៏បានក្រើនរំលឹកដល់ក្មួយៗ កុមារគ ថ្លង់ និងពិការភ្នែកទាំងអស់ត្រូវគោរពត្រងត្រាប់ស្តាប់នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹងចេះជួយនូវទុក្ខធុរៈមិត្តភក្តិ ចេះស្រឡាញ់សាមគ្គីគ្នាឱ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀនដែលសង្គមស្អប់ខ្ពើម ។

    សម្តេចកិត្តិសង្គហបណ្ឌិតមានប្រសាសន៍លើកទឹកចិត្តដល់កុមារជនពិការគ ថ្លង់ទាំងអស់កុំបាក់ទឹកចិត្តនឹងភាពពិការរបស់ខ្លួន ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ មានចំណេះដឹងខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសនៅថ្ងៃអនាគត ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗបានដូចមនុស្សដែលមានកាយសម្បទានធម្មតាដែរ ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹងឱ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋនិងឯកជន ។ ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ និងពិការភ្នែកទាំងវិទ្យាល័យទាំងពីរក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនបន្តបន្ទាប់ផងដែរ៕

ដោយ៖ សហការី


ចែករំលែក៖