ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា

ចែករំលែក៖

 

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ 

តាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសសម្តេចវិបុលសេនាភក្តី សាយ​ ឈុំ នៅក្នុងនីតិកាលថ្មីខាងមុខនេះ ​បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមរយៈសារសំឡេង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជា នាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ 

សូមបញ្ជាក់ថា, ពាក់ព័ន្ធលទ្ធផលបឋម ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។

តាមលទ្ធផលបឋមបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ​២២៨ ស្មើនឹង ៨៤,៥៩%៕

ដោយ : សហការី


ចែករំលែក៖