ព័ត៌មានទាន់ហេតុការណ៍៖

ការប្រមូលអាករលើតម្លៃបន្ថែម១០%ចំពោះបារីនាំចូល កម្ពុជាចាប់ផ្តើមអនុវត្តពីថ្ងៃទី១ខែសីហានេះហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសអនុវត្តប្រមូលពន្ធអាករលើតម្លៃបន្ថែមចំពោះផលិតផលបារីនាំ ចូលមកកម្ពុជាក្នុងអត្រា១០% ដែលនឹងត្រូវអនុវត្តនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះតទៅ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  បានចេញសេចក្តីណែនាំដល់គ្រប់ម្ចាស់សហគ្រាសដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបារីនាំចូលទាំងអស់អំពីនីតិវិធីនៃការ អនុវត្តអាករលើតម្លៃបន្ថែម(អតប) ដែលនឹងអនុវត្តយក ពន្ធអាករនេះនៅខែក្រោយនេះ។

សេចក្តីណែនាំរបស់ក្រសួងនេះចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ចំពោះ បារី ដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក,សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែមដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវ អាករលើតម្លៃបន្ថែមតាមអត្រា ១០% រាល់ការផ្គត់ផ្គង់បារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការអនុវត្តអាករលើតម្លៃបន្ថែម(អតប)ដែលបានបង់នៅពេលនាំចូល ឬ ទិញក្នុងស្រុក ត្រូវអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយអាករលើធាតុចេញ។

សេចក្តីណែនាំនេះ បញ្ជាក់ថា ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឱ្យបង់  អតប តែម្តងគត់នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។ ហើយសហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធជាធរមាន។

សេចក្តីណែនាំនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ៕

ដោយ៖ សូរិយា


ចែករំលែក៖