ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀត

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ គឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។

សម្តេចមានប្រសាសន៍ថា : ឯកឧត្តមបណ្ឌិត  ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។  

សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មិនបានរំលងនីតិវិធីទាំងឡាយនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនជ្រៀតជ្រែកការងាររបស់លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។

សូមបញ្ជាក់ថា, ពាក់ព័ន្ធលទ្ធផលបឋម ដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ។

តាមលទ្ធផលបឋមបានបង្ហាញថា អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ​២២៨ ស្មើនឹង ៨៤,៥៩%៕

ដោយ ៖ សហការី


ចែករំលែក៖