ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានប្រកាសលាលែងពីតំណែងចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ ពោលគឺមានរយៈពេល ២៨ថ្ងៃទៀតប៉ុណ្ណោះ។
ថ្លែងក្នុងសុន្ទរកថាពិសេសរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានប្រកាសថា៖ «ហ៊ុន ម៉ាណែត នឹងចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រីនាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ»។
សម្ដេចតេជោ បានបន្ថែមថាទោះបីសម្ដេចមិនកាន់ការជានាយករដ្ឋមន្ត្រីក្ដីតែជីវិតនយោបាយរបស់សម្ដេចនៅតែបន្តតាមរយៈការធ្វើជាសមាជិករដ្ឋសភា និងប្រធានព្រឹទ្ធសភានាឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកឡើងថាយោងតាមប្រតិទិននៃការប្រកាសលទ្ធផលផ្លូវការរបស់ គ.ជ.ប នៅថ្ងៃទី៥ ខែសីហា នោះបេក្ខភាពនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អាចនឹងត្រូវព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៧ ខែសីហា។
នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងសុន្ទរកថាពិសេសរបស់សម្ដេច នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នេះ៕
ដោយ ៖ សហការី