ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជំនាញមន្ទីរកសិកម្មថាការជ្រើសរើសពូជដំណាំដំឡូងមីគឺត្រូវជ្រើសរើសយកពូជ KU50 ជារឿងសំខាន់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងណែនាំកសិករដាំដំឡូងមីត្រូវជ្រើសរើសយកពូជ(KU50)ប្រសិនបើមាន សម្រាប់ដាំ ដើម្បីរួមគ្នាកាត់បន្ថយ និងលប់បំបាត់ជំងឺឆ្លង(វៃរើសម៉ូហ្សីអ៊ិច) ហើយអាចទទួលបានទិន្នផលល្អបំពេញតម្រូវការទីផ្សារ ជួយឲ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។

លោកតាំង ជីផេង មន្ត្រីបច្ចេកទេសផ្នែកកសិកម្មបានពន្យល់ថា ដើម្បីឲ្យដំឡូងមីទទួលបានផលច្រើន សូមបងប្អួនកសិករ ភ្ជួរដីហាលឲ្យងាប់ស្មៅនិងមេរោគ   ជ្រើសរើសពូជល្អ ដូចជា (KU50)ប្រសិនបើមានហើយអនុវត្តការថែទាំនិងដាក់ជីបន្ថែម។

 លោកបន្តថា នៅក្នុងកត្តាថែទាំ ពេលដំឡូងលូតលាស់បានកម្ពស់៥០សង់ទីម៉ែត្រហើយនៅពេលសម្អាតស្មៅលើកទី១សូមបងប្អូនត្រូវពិនិត្យមើលបើដំឡូងមានកើត ជំងឺរួញស្លឹកក្រហមស្លឹកងាប់ដើម ត្រូវដកយកទៅ កប់ដីឬដុតបំផ្លាញចោល មិនត្រូវស្តាយឡើយ ដើម្បីសម្លាប់មេរោគកុំឲ្យវាចម្លងទៅដំឡូងល្អផ្សេងៗទៀត។ 

អ្នកស្រីអ៊ុន ប្រាណ អាយុ២៥ឆ្នាំ កសិករលក់ដើមដំឡូង មី នៅឃុំស្រែគរ ឲ្យដឹងថា អ្នកចំការ ឆ្នាំនេះបានពង្រីកផ្ទៃដីដាំដំឡូងមីគ្រប់គ្រួសារព្រោះមានអ្នកមិន ដែលដាំសោះក៍បានមកទិញពូជយកទៅដាំដុះដែរ ដោយ សារនៅឆ្នាំ២០២៣នេះ មើមដំឡូងស្រស់មានតម្លៃចាប់ពី ៣២០ទៅ៤៦០រៀលក្នុង១គីឡូក្រាម,ចំណែកដំឡូងហាលស្ងួត មានតម្លៃ៧២០ទៅ៨៧០រៀលក្នុង១គីឡូក្រាម។

 អ្នកស្រីបន្តថា កសិករមិនបានជ្រើសរើសពូជតាមការ ណែនាំក៏ពិតមែន តែពួកគាត់បានប្រឹងប្រែង ដាំដុះមិនទុកផ្ទៃដីឱ្យនៅទំនេរទេ ហើយនៅតាមចំការនិមួយៗសង្កេតឃើញមាន ដំឡូងខ្លះល្អ ខ្លះទៀតមានកើតជំងឺងាប់ដើមក៏មានដែរ។

អ្នកស្រី ចន គឿន កសិករដាំដំឡូងមីនៅឃុំស្រែគរ បានទទួលស្គាល់ថា ឆ្នាំនេះដំឡូងមិនសូវល្អទេ ព្រោះកើត ជំងឺរួញស្លឹកច្រើន ហើយស្វិតងាប់ដើម ដោយសារដីចំការខ្លះ មានស្ថានភាពជាំទឹក ក្នុងពេលដែលអកាសធាតុមានការប្រែប្រួលផងនោះ។ 

អ្នកស្រីបន្តថា នៅតាមមូលដ្ឋានដាច់ស្រយាលមិនមាន ពូជល្អដាំទេ ដោយយកពូជពីចំការខ្លួនឯងទៅដាំវាចំណាយតិច ហើយខ្វះខាតទិញដើម នៅក្នុងស្រុកបន្ថែម។ ហើយបច្ចុប្បន្នកសិករយើងកំពុងអនុវត្តតាមមន្ត្រីជំនាញកសិកម្មដែលបានណែនាំហើយ។

សូមបញ្ជាក់ថា ដោយឋិតក្នុងស្ថានភាពទូទៅនៃសេវាកម្មតម្លៃដំឡូងមី មានទីផ្សារល្អ បានជំរុញទឹកចិត្ត កសិករនៅខេត្តស្ទឹងត្រែង កាន់តែបង្កើនផែនការដាំ ដំណាំដំឡូងមីកាន់តែច្រើនលើសឆ្នាំ២០២២ ប្រមាណជាង២០% ទៅលើផ្ទៃដីសរុប បានជិត៣ម៉ឺនហិកតា  ព្រោះដំណាំឧស្សាហកម្មមួយប្រភេទនេះ មានឈ្មួញទិញនាំចេញទៅប្រទេសជិតខាង ទាំងដូវប្រាំងនិងរដូវវស្សា៕

ដោយ៖ សូរិយា


ចែករំលែក៖