ព្យុះ Doksuri បានវាយប្រហារចូលដីគោកភាគខាងជើងប្រទេសហ្វីលីពីន នៅព្រឹកថ្ងៃទី២៦ខែកក្កដា អមជាមួយខ្យល់ ភ្លៀងខ្លាំង ធ្វើឱ្យដាច់ភ្លើងទ្រង់ទ្រាយធំ ទឹកជំនន់កើនឡើង បង្ខំឱ្យពលរដ្ឋរាប់សិបពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព។
ក្រុមមន្ត្រីនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារតែព្យុះទីហ្វុង ដុកស៊ូរី (Doksuri) នៅក្នុងតំបន់ភាគខាងជើងនៃប្រទេសបានកើនឡើងដល់៦នាក់ ខណៈព្យុះដ៏មានឥទ្ធិពលមួយនេះកំពុងបក់បោកនៅតៃវ៉ាន់ មុននឹងបន្តឆ្ពោះទៅកាន់ភាគអាគ្នេយ៍ប្រទេសចិននៅចុងសប្ដាហ៍នេះ។
ព្យុះទីហ្វុង ដុកស៊ូរី (Doksuri) បានវាយប្រហារលើកោះ Luzon កាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបណ្ដាលឱ្យដើមឈើជាច្រើនបាក់រលំ កាត់ផ្ដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យប្រជាជនរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញ ជាពិសេសអ្នករស់នៅតាមតំបន់ឆ្នេរ។ ខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយព្យុះនេះនៅលើកោះ Babuyan និងតាមខេត្តភាគខាងជើងនៃប្រទេសហ្វីលីពីន ក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីផងដែរ។
ក្រុមមន្ត្រីហ្វីលីពីនបានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ស្ត្រីជាម្ដាយម្នាក់និងកូន៣នាក់របស់គាត់បានស្លាប់កាលពីថ្ងៃពុធ ក្នុងគ្រោះរអិលបាក់ដី ដែលបានវាយប្រហារផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Buguias ស្ថិតនៅក្នុងខេត្ត Benguet ដែលសម្បូរទៅដោយភ្នំ។ ចំណែកមនុស្ស៥នាក់ផ្សេងទៀតនៅក្នុងផ្ទះនេះត្រូវបានជួយសង្រ្គោះ។ ចំនួនអ្នកស្លាប់ត្រូវបានបញ្ជាក់ថា បានកើនដល់៦នាក់ ក្រោយស្ត្រីម្នាក់បានស្លាប់ដោយសារដើមដូងបាក់សង្កត់នៅក្នុងខេត្ត Isabela ហើយក្មេងប្រុសជំទង់ម្នាក់អាយុ១៦ឆ្នាំបានស្លាប់ក្នុងគ្រោះរអិលបាក់ដីនៅទីក្រុង Baguio។
ព្យុះទីហ្វុង ដុកស៊ូរី បានក្លាយជាព្យុះ super typhoon នៅពេលដែលវាសម្ដែងឫទ្ធិនៅទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃអង្គារ ប៉ុន្តែបាន ថមថយឥទ្ធិពលពេលបក់បោកទៅក្បែរហ្វីលីពីន។ ព្យុះទីហ្វុងនេះកំពុងបក់បោកនៅតៃវ៉ាន់ ហើយអាចនឹងបក់បោកទៅដល់តំបន់ដីគោករបស់ចិន នៅថ្ងៃសុក្រសប្ដាហ៍នេះ៕ ដោយ៖ ធីរីណា
រូបថត ៖ CNN