ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់គណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣។
បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និង ផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី ខេត្ត នីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តី ការ គ.ជ.ប។
សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយដែលឈរឈ្មោះ បោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន។
សូមបញ្ជាក់ថា : រូបខាងក្រោមនេះជា សកម្មភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅទីស្ដីការ គ .ជ.ប នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣៕
ដោយ ៖ សិលា