ភ្នំពេញ ៖ លោក អុឹម វុត្ថា ទីប្រឹក្សាក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានបន្តបញ្ជាក់ ពីវិស័យទូរគមនាគមន៍នៅកម្ពុជា ក្រោមទិដ្ឋភាពការធ្វើកំណែទម្រង់វិស័យ និងការបើកចំហរទីផ្សារប្រកួតប្រជែង។
ភាគទី៤៖
លោកបាន លម្អិតថា : ដោយអនុលោមតាមនិយាមរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ព្រមទាំងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ចេញនូវគោលការណ៍ក្នុងការធ្វើកំណែទម្រង់វិស័យ ដោយរៀបចំឱ្យមាន៖
– បំបែកតួនាទីភារកិច្ចរវាងអ្នកធ្វើគោលនយោបាយ កិច្ចការទំនាក់ទំនងអន្តរជាតិ និងនិយ័តករ
– រៀបចំពង្រាងច្បាប់ស្តីពីទូរគមនាគនាគមន៍ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យ
– រៀបចំបង្កើតស្ថាប័នឯករាជ្យនិងមានជំនាញមួយក្នុងការធ្វើនិយ័តកម្មវិស័យទូរគមនាគមន៍ ដែលហៅថា <<បញ្ញត្តិករ/និយ័តករទូរគមនាគមន៍កម្ពុជា>>
– និងបង្កើតឱ្យមានទីផ្សារប្រកួតប្រជែងគ្នាដោយសេរី និងផ្តាច់ខ្លួនចេញពីការព្រមព្រៀងធុរកិច្ចរួមជាមួយវិស័យឯកជន ដោយអនុញ្ញាតិឱ្យក្រុមហ៊ុនឯកជនមានហ៊ុនផ្ទាល់ខ្លួន ១០០% ស្របតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ២០១២ រហូតដល់មកទល់បច្ចុប្បន្ន៖
– នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ បង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការបញ្ញត្តិករទូរគមនាគមន៍កម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខលេខ នស/រកត/០៣១២/១៧៥ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១២ ស្តីពីការបង្កើតបញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងអនុក្រឹត្យលេខ១៤០អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាននៃបញ្ញត្តិករទូរគមនាគមន៍កម្ពុជា។
– ចាប់ពីឆ្នាំ២០១៤មក ការហក់ចូលនៃប្រព័ន្ធនិងបណ្តាញទូរសព្ទចល័តបច្ចេកវិទ្យាជំនាន់ទី៤ ហៅថា 4G-LTE ។
– នៅចុងឆ្នាំ២០១៥ ច្បាប់ស្តីពីទូរគមនាគមន៍ បានត្រូវអនុម័តនិងដាក់ឱ្យប្រើស្របតាមព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។
– បញ្ញត្តិករទូរគមនាគមន៍កម្ពុជា បានប្តូរឈ្មោះទៅជា និយ័តករទូរគមនាគមន៍កម្ពុជា ក្រោមព្រះរាជក្រមលេខ នស/រកម/១២១៥/០១៧ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីទូរគមនាគមន៍ និងអនុក្រឹត្យលេខ៤៥ អនក្រ/បក. ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។
– នៅក្នុងឆ្នាំ២០១៥នោះផងដែរ ទូរគមនាគមន៍កម្ពុជា បានប្រើប្រាស់កម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន ធ្វើការសាងសង់បណ្តាញខ្សែកាប្លិ៍អុបទិកលាតសន្ធឹងតាមបណ្តោយផ្លូវជាតិ៦អា និងផ្លូវជាតិ៧ ពីរាជធានីភ្នំពេញ ស្គន់ រហូតដល់ទីរួមខេត្តកំពង់ចាម និងលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ពីរាជធានីភ្នំពេញ តាកែវ កំពត រហូតដល់ក្រុងព្រះសីហនុ។
– នៅចុងឆ្នាំ២០១៧ បណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្របានដាក់ឱ្យដំណើរការចំនួនពីរ រួមមាន៖ បណ្តាញ AAE-1 ដោយក្រុមហ៊ុន CFOCN និងបណ្តាញ M-C-T ដោយក្រុមហ៊ុនតែលកូថេក របស់អ្នកឧកញ៉ា គិត ម៉េង។
– នៅក្នុងឆ្នាំ២០១៧នោះផងដែរ ក្រសួងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ ហៅថា DMC ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
– នៅចុងឆ្នាំ២០១៩ អនុញ្ញាតឱ្យសាកល្បងបណ្តាញទូរសព្ទចល័តបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដោយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត Smart, Cellcard, Viettel និង Kingtel (ដែលបានត្រូវលុបអាជ្ញាបណ្ណនៅក្នុងឆ្នាំ២០២០) ទទួលបានជោគជ័យលើបន្ទាបង់ហ្វ្រេកង់ស៍ 3.5GHz និង 2.6GHz។ ការសាកល្បងនេះត្រូវបានបញ្ចប់ជាស្ថាពរ ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ មកបច្ចុប្បន្ន ក្រុមហ៊ុនទាំងអស់បានរៀបចំរួចរាល់ក្នុងការវិនិយោគរៀបចំនិងដាក់ឱ្យដំណើរការបច្ចេកវិទ្យាជំនាន់ទី៥ នេះ រង់ចាំតែគោលនយោបាយ និងផែនទីបង្ហាញផ្លូវពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប៉ុណ្ណោះ។
– នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក្រសួងបានចាត់វិធានការលុបអាជ្ញាបណ្ណរបស់ក្រុមហ៊ុនកំពុងដំណើរការចំនួនពីរ គឺក្រុមហ៊ុន Kingtel និងក្រុមហ៊ុន Openet ដោយសារក្រុមហ៊ុនទាំងពីរនេះជំពាក់កម្រៃបែងចែក ឬកម្រៃអាជ្ញាបណ្ណ។
– នៅក្នុងឆ្នាំ២០២២ ក្រសួងបានចាត់វិធានការផាកពិន័យរាប់លានពីក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តចំនួនពីរ គឺក្រុមហ៊ុនស្មាត និងក្រុមហ៊ុនវៀតធែល ដោយសារហេតុផលមិនប្រកាសរបាយការណ៍វិទ្យុម៉ៃក្រូវេវ ចាប់ពីឆ្នាំ២០០៥មក។
– ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ និយ័តករទូរគមនាគមន៍កម្ពុជាចេញអាជ្ញាបណ្ណបន្ថែមទៀត លើអាជ្ញាបណ្ណដែលកំពុងដំណើរការមានចំនួន ៦៨ (ប្រតិបត្តិការដោយ ៤៧ក្រុមហ៊ុន) រួមមាន៖
អាជ្ញាបណ្ណស្តីពីការស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដល់ក្រុមហ៊ុនតែលកូថេក, ក្រុមហ៊ុន Angkor Data Infrastructure (ជាក្រុមហ៊ុនថ្មីរបស់ក្រមហ៊ុន Mekong Net) និងក្រុមហ៊ុន Micromax (ជាក្រុមហ៊ុនថ្មីរបស់ក្រមហ៊ុន Online)។
ចេញលិខិតអនុញ្ញាតមានសិទ្ធិតភ្ជាប់ខ្សែកាប្លិ៍អុបទិកឆ្លងដែន ស្របតាមលិខិត ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដល់ក្រុមហ៊ុន Angkor Data Infrastructure ក្រុមហ៊ុន Micromax និង ទូរគមនាគមន៍កម្ពុជា
អាជ្ញាបណ្ណស្តីពីការផ្តល់សេវាអង់តែនទូរគមនាគមន៍រួមដល់ក្រុមហ៊ុន Royal Group ។
– បច្ចុប្បន្ន ក្រសួងកំពុងមមាញឹករៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យឌីជីថល គោលនយោបាលរដ្ឋាភិបាលឌីជីថល វិសោធនកម្មច្បាប់ស្តីពីទូរគមនាគមន៍ឆ្នាំ២០១៥ និងវិសោធនកម្មច្បាប់ស្តីពីប្រៃសណីយ៍ ព្រមទាំងបទប្បញ្ញត្តិនិងបទដ្ឋានគតិយុត្តិពាក់ព័ន្ធដទៃទៀត ដើម្បីបង្កើនប្រសិទ្ធភាពបរិយាកាសប្រកួតប្រជែងទីផ្សាររបស់ប្រតិបត្តិករទូរគមនាគមន៍ បង្កើនគុណភាពសេវា និងមិនបានគិតពីការអនុវត្តតួនាទីសំខាន់របស់ខ្លួនក្នុងការពង្រីកនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ជាពិសេសការធ្វើវិភាជន៍បន្ទាហ្វ្រេកង់ស៍បន្ទា 700MHz និងបន្ទាបង់ដទៃទៀតដែលពាក់ព័ន្ធនឹងការបង្កើតកម្លាំងផ្សាយរបស់បណ្តាញជំនាន់ទី៤ និងបង្ហោះបណ្តាញទូរស័ព្ទចល័តជំនាន់ទី៥ ព្រមទាំងទាំងបង្កើនការតភ្ជាប់បណ្តាញអ៊ីនធឺណិតអចល័ត តាមរយៈខ្សែកាប្លិ៍អុបទិក។
– និងកំពុងអនុវត្តការងារក្នុងការប្រើប្រាស់មូលនិធិ និងជម្រុញសេវាកាតព្វកិច្ចសកល (USO) ឱ្យដល់ទីជនបទ ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍៕
ដោយ ៖ អុឹម វុត្ថា