ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តធុនធំនិងម៉ូតូ បណ្ដាលឱ្យភាគីខាងម៉ូតូបានស្លាប់នៅកន្លែងកើតហេតុនៅស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបានឲ្យដឹងថា មានមនុស្សម្នាក់ដែលជាអ្នកជិះម៉ូតូបានស្លាប់នៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយករណីកើតឡើង រវាងរថយន្តធុនធំនិងម៉ូតូនៅវេលាម៉ោង ០៣និង៥០នាទីទៀបភ្លឺថ្ងៃ ទី២៩ខែកក្កដា ឆ្នាំ២០២៣ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨០-១៨១ ចំណុចរង្វង់មូលសួនច្បារវាលរេញ ស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។

សមត្ថកិច្ចឲដឹងបន្តថា ករណីគ្រោះថ្នាក់ចរាចរណណ៍នេះបានកើតឡើងរវាង រថយន្ដ១គ្រឿងម៉ាកFUSO ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3E-5549 សណ្តោងរុឺម៉ក់ ពាក់ផ្លាកលេខ ភ្នំពេញ 4A-9673 ដែលមានទិសដៅពី រាជធានីភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

លុះមកដល់ចំណុចផ្លូវរង្វង់មូល (រង្វង់មូលសួនច្បារវាលរេញ)បានបុកពីក្រោយម៉ូតូកំពុងឆ្លង ផ្លូវ ១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 1I-3435 មានទិសដៅពីខេត្តកំពតឆ្លងកាត់រង្វង់មូលឆ្ពោះទៅខេត្តព្រះសីហនុ បើកបរដោយឈ្មោះ យស់ សំណាង ភេទប្រុស អាយុ ៣៤ មានទី លំនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបុកពីក្រោយតែម្ដង បណ្ដាលឲ្យឈ្មោះ យស់ សំណាង អ្នក បើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។

សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ដនិងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ដម៉ាក FUSO បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ ៕

ដោយ៖ សូរិយា


ចែករំលែក៖