ភ្នំពេញ ៖ ភ្លាមៗនេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺ បានយកចិត្តទុកដាក់ ជូនដំណឹង ជាបន្ទាន់មួយដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានដឹងអំពី ! ទឹកភ្លៀងជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨, អាជ្ញាធរជូនដំណឹងឲ្យពលរដ្ឋប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន ។
សូមបញ្ជាក់ថា ៖ ស្ថានភាពទឹកភ្លៀងកំពុងជន់លិចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ ដោយលំបាកក្នុងការធ្វើដំណើរ ខណៈភ្លៀងនៅបន្ដធ្លាក់នៅឡើយ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋពេលទទួលបានដំណឹងនេះ អាចរកមធ្យោបាយវាង ឬត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនជាបណ្ដោះអាសន្ន ដើម្បីភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ សុវត្ថិភាពជាដើម។
នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៤ អាចប្រើប្រាស់ផ្លូវល្បឿនលឿនបណ្ដោះអាសន្ន ឬផ្លូវវៀសផ្សេងៗ។
លោក វ៉ី សំណាង បានបញ្ជាក់យ៉ាងដូច្នេះថា «សូមជម្រាបជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវជាតិលេខ៤ សូមរកផ្លូវវៀងបណ្ដោះអាសន្នសិន (អាចប្រើប្រាស់ផ្លូវល្បឿនលឿន)។ មូលហេតុដោយជំនន់ទឹកភ្លៀងបានបណ្ដាលឲ្យលិច ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 (កម្ពស់30cm)។ ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន»។
សូមជម្រាបជូនផងដែរថា , លើកំណាត់ផ្លូវជាតិលេខ 4 ក្នុងរដូវនេះ ជារៀងរាល់ឆ្នាំ តែងតែមានជំនន់ទឹកភ្លៀង បានហូរកាត់ បណ្ដាលឱ្យខូចខាតផ្លូវ និងប៉ះពាល់ក្នុងការធ្វើចរាចរណ៍របស់បងប្អូន។ ជាពិសេសអាជ្ញាធរសមត្ថកិច្ច ជំនាញពាក់ព័ន្ធ បានប្រឹងប្រែងគ្រប់វិធី ដើម្បីជួយសម្រួលចរាចរណ៍ អន្តរាគមន៍ ឬធ្វើការផ្អាកជាបណ្ដោះអាសន្ន ក្នុងប្រយោជន៍សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា