ព័ត៌មានទាន់ហេតុការណ៍៖

រឹបអូសឈើជិត១៦ម៉ែត្រគូបក្នុងស្ថានីយប្រេងឥន្ធនៈតេលារការកណ្ដាល

ចែករំលែក៖

ខេត្តក្រចេះ ៖ ឈើប្រណិតនិងឈើអារប្រភេទលេខ១ក្រោយរឹបអូសនៅបរិវេណស្ថានីយប្រេងឥន្ធនៈតេលា ស្ពានតេ ស្ថិតនៅសង្កាត់រការកណ្តាល ក្រុងក្រចេះ មានចំនួនសរុបប្រមាណជាជិត១៦ម៉ែត្រគូប។

តាមរបាយការណ៍រដ្ឋបាលព្រៃឈើជូនលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ លទ្ធផល វាស់វែង ឈើចាប់ដឹកជញ្ជូន ផលអនុផលព្រៃឈើ ដោយគ្មាន លិខិត អនុញ្ញាត ដកហូត កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០២៣នៅចំណុចបរិវេណ ស្ថានីយប្រេង  គល់ស្ពានតេ ភូមិ រការកណ្តាល សង្កាត់រការកណ្តាល ក្រុងក្រចេះ  មាន រថយន្ត ម៉ាកសាំងយ៉ុង ចំនួន ២គ្រឿង មួយ គ្រឿងរក្សាទុក នៅ អធិការស្រុក ចិត្របុរី ឈើអារ ប្រណិត និង ឈើអារលេខ១  សរុបចំនួន ៥៥៦ ដុំ សន្លឹក ស្មើ ១៥,៩៨៣ម៉ែត្រគូប   ក្នុងនោះរួមមាន ប្រភេទឈើនាងនួន ចំនួន ៩៥ដុំស្មើ៣,៤២៨ ម៉ែត្រគូប ឈើអារលេខ ១ សុក្រំ   ចំនួន ១០៦ដុំស្មើ៧,២៩៩ម៉ែត្រគូប ក្តាឈើលេខ១  ដួងចែម ចំនួន ២១០សន្លឹក ស្មើ ៣, ៧៥៩ ម៉ែត្រគូប ឈើលេខ ១ កកោះ  ចំនួន ១៤៥ដុំ ស្មើ១,៤៩៧ ម៉ែត្រគូប។

វត្ថុតាងខាងលើ បាននាំយក មករក្សាទុក ជាបណ្តោះអាសន្ន នៅស្ថានីយ បណ្តុះកូនឈើ ខ្សារ នៃផ្នែករដ្ឋបាលព្រៃឈើ ក្រចេះ ដើម្បីអនុវត្តនីតិវិធី តាមច្បាប់ ស្តីពីព្រៃឈើ ។

គួរបញ្ជាក់ថាការរឹបអូសឈើចម្រុះខាងលើគឺនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៧កក្តដា២០២៣មានរថយន្តសាំយ៉ុងចំនួន២គ្រឿងដឹកឈើបង្កប់គ្រឿងសង្ហារឹមគោលដៅចេញពីខេត្តស្ទឹងត្រែងឆ្ពោះទៅភ្នំពេញក្រោយឆ្លងកាត់ដែនដីខេត្តក្រចេះក៏ត្រូវសមត្ថកិច្ចប្រដេញឃាត់ត្រួតពិនិត្យតែរថយន្តទាំង២គ្រឿងនោះមិនឈប់ព្រមទាំងបើកបំបុកនិងគៀរថយន្តមន្ត្រីយោធាសឹករងខេត្តម្នាក់បណ្តាលឲ្យធ្លាក់ផ្លូវនិងរងរបួសជាទម្ងន់ក្រោយកើតហេតុក្រុមរថយន្តទាំង២គ្រឿងនោះបានបើករត់គេចខ្លួនទៅជ្រកនៅក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈតេលាចំណុចស្ពានតេ ដោយមានការរារាំងនិងជួយលាក់បាំងពីម្ចាស់ស្ថានីយប្រេងផងនៅព្រឹកថ្ងៃទី២៧កក្តដា២០២៣កម្លាំងចម្រុះក្រោមការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូង លោក រ៉ា បូរ៉ាន់ឌី បានសម្រេចធ្វើការឆែកឆេរទីតាំងស្ថានីយប្រេងឥន្ធនៈនោះក៏ប្រទះឃើញរថយន្តដឹកឈើចំនួន២គ្រឿងដឹកឈើបង្កគ្រោះថ្នាក់ចរាចរណ៍ដល់មន្ត្រីយោធានោះដែរ។

ក្រោយប្រទះឃើញរថយន្តល្មើសរួមទាំងវត្ថុតាងបទល្មើសព្រៃឈើផងនោះព្រះរាជអាជ្ញារងក៏បានបញ្ជាឲ្យរឹបអូសរថយន្តនិងវត្ថុតាងយកទៅរក្សាទុក នៅស្ថានីយបណ្ដុះកូនឈើខ្សារ ដើម្បីចាត់ការតាមច្បាប់ព្រៃឈើ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖