ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ច​ជំនាញ​ បន្តចុះរុះរើ​បំផ្លាញចោល​របាំង​សាច់​អួន និង​ស្បៃ​មុង នៅស្រុក​ជល​គី​រី

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖ កម្លាំង​សមត្ថកិច្ច​ផ្នែករដ្ឋបាល​ជលផល កំពង់ប្រាសាទ និង​សង្កាត់​ជលផល សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជា ការឯកភាព​ស្រុក​ជល​គី​រី បាន​បន្ត​ចុះ​រុះរើ និង​បំផ្លាញចោលរ​បាំងសាច់​អួន ចំនួន​៥​កន្លែង និងរ​បាំងសាច់​ស្បៃ​មុង ១០​កន្លែង ក្នុង​ភូមិសាស្ត្រ​ស្រុក​ជល​គី​រី នៅក្នុង​រដូវ​ទឹកទន្លេ កំពុង​ឡើង ហើយ​ត្រី​ពង​កូន។​

​បើតាមការបញ្ជាក់ពីនាយផ្នែក​រដ្ឋបាល​ជល​ផលកំពង់ប្រាសាទ លោក ខៀវ សុផាន​រិ​ទ្ធ បានឱ្យដឹងនៅព្រឹក​ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល កំពង់ប្រាសាទ សង្កាត់​ជលផល សហការ​ជាមួយ​កម្លាំង គណៈបញ្ជាការ​ស្រុក​ជល​គី​រី ដោយ​ប្រើប្រាស់​កម្លាំង​២២​នាក់​មធ្យោបាយ​ធ្វើ​សកម្មភាព កាណូត​បា​ឡា​ស្មាច់ ៥​គ្រឿង នៅ​ចំណុច​ខ្លែង​ឆ្លុះ​ស្រោង​សន្ទៃ ភូមិ​ក្បាល​កន្លង់ ជំ​ពាម​ថ​ង្កូ​វ ក្នុងភូមិ​សាស្ត្រ​ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​ កាលពីថ្ងៃទី​២៩ ខែកក្កដាម្សិលមិញ​នេះ។​

​នាយផ្នែករដ្ឋបាលរូបនេះ​ បន្តថា​ ក្នុង​ប្រតិបត្តិការបង្ក្រាបខាងលើនេះ កម្លាំងចម្រុះ បាន​រុះរើ និង​បំផ្លាញចោលរ​បាំងសាច់​អួន ៥​កន្លែង ប្រវែង ៣០០ ម៉ែត្រ បង្គោល ១០០​ដើម លប​លូ​សាច់​អួន ៥​គ្រឿង និង​របាំង​ស្បៃ​មុង ១០​កន្លែង ប្រវែង ៦០០ ម៉ែត្រ បង្គោល ១៥០​ម៉ែត្រ លូ​ស្បៃ​មុង ១២​គ្រឿង ចាក់​លែង​កូន​ត្រី​ចម្រុះ ចូលទៅក្នុង​ទន្លេ ដែល​ក្រុម​ជន ល្មើស​ធ្វើ​សកម្មភាព ដាក់​នៅ​រដូវ​ត្រី​ពង​កូន ។ តែ​ទោះជា​យ៉ាងណា នៅក្នុង​ការបង្ក្រាប បទល្មើស​នេសាទ ក្នុង​រដូវ​ទឹកទន្លេ​ឡើង គេ​មិនដែល​បាន​ឃាត់ខ្លួន​បាន​ក្រុម​ជនល្មើស ដោយសារ​ពួកគេ ហាក់​ដឹងខ្លួន​មុន បានគេច ខ្លួន​រហូត ។​

​ជាមួយគ្នានេះ​ លោក ខៀវ សុផាន​រិ​ទ្ធ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទទាំងអស់ កុំ​នេសាទ​ដោយ​ឧបករណ៍​ណា ដែល​ច្បាប់​ជលផល ហាមឃាត់ និង​កុំ​នេសាទ នៅក្នុង​រដូវ​ទឹក​ឡើង ត្រី​ពង​កូន ពិសេស​កុំ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដែលជា​ជម្រក​ត្រី និង​ថនិកសត្វ សម្រាប់​ពង​កូន៕

ដោយ​៖ សហការី​


ចែករំលែក៖