ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានសរសើរដល់ព្រះមេគណស្រុកបាភ្នំ ស្នើសុំអោយនគរបាល ផ្នែកពិនិត្យសារធាតុញៀននៃអធិការដ្ឋាននគរបាលស្រុកចុះជួយ ពិនិត្យកុលបុត្រចំនួន២៣អង្គដែលបានចូលមកបួសជាព្រះសង្ឃ។
ក្នុងនោះនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ លោកស្នងការ បានបង្ហោះលើ facebook, របស់ខ្លួនយ៉ាងដូច្នេះថា : ដំបូងសូមការអភ័យទោសការដែលយកលិខិតមកបង្ហោះដោយមិនសុំការអនុញ្ញាត 🙏
លោកស្នងការបានបន្តថា : បង្ហោះលិខិតនេះ ដោយសារទើបឃើញលើកទី១ និងគិតថាជាទង្វើល្អប្រសើរក្រៃលែង ។ មុនក្លាយជាបុព្វជិត កុលបុត្រគួរលាងសម្អាតខ្លួនកុំពាក់ព័ន្ធគ្រឿងញៀន ហើយបើបានក្លាយជាសាវកហើយ សុំកុំធ្វើអំពើសង្គមស្អប់ខ្ពើម ។ ព្រះសង្ឃគឺជាជនដែលប្រជាជនទូទៅគោរពសំពះដល់បាតដីមិនថាគេឬខ្ញុំដែលកាន់សាសនាព្រះពុទ្ធ គោរពចង់ជាងឳពុកម្តាយសំពះមិនហ៊ានងើបមុខពេលខ្លះ ចុះបើសង្ឃប្រើគ្រឿងញៀន លួចមានស្រី សេពស្រា លេងល្បែងពាលា តើបាបកម្មនោះធ្លាក់ដល់កំរិតណា? ចាប់តាំងពីខ្ញុំបានកាន់ជានគរបាលស្រុករហូតខេត្ត ខ្ញុំធ្លាប់ឃាត់បានលោកសង្ឃប្រើគ្រឿងញៀនច្រើនករណីដែរ បង្ខំផ្សិកក៏ច្រើន ដូចនេះពេលឃើញលិខិតនេះសូមកោតសរសើរដល់ម្ចាស់លិខិត និងសុំឱ្យគ្រូសង្ឃទាំងឡាយផ្សេងៗទៀត ជួយមើលសង្ឃក្រោមឱវាទផង អាណិតប្រជាជនខិតខំសំពះដល់ល្អងធូលី 🙏🙏🙏 សាធុ សាធុ សាធុ សូមឱ្យសាសនាយើងបានរុងរឿងដល់កាល ៥០០០ឆ្នាំផង 🙏
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្ហោះបែបនេះ បន្ទាប់ពីមាន សំណើសុំកម្លាំងជំនាញផ្នែកពិនិត្យសារធាតុញៀននៃអធិការដ្ឋាននគរបាលស្រុកចុះជួយ ពិនិត្យកុលបុត្រចំនួន២៣អង្គដែលបានចូលមកបួសជាព្រះសង្ឃនៅវត្តជ្រៃឧត្តម ឃុំជើងភ្នំ ស្រុក បាភ្នំ ខេត្តព្រៃវែង។ ដែលប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះបញ្ចស័ក ព.ស .២៥៦៧ ត្រូវនិងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៣:០០នាទីរសៀល។ សេចក្តីដូចបានចម្រើនពរជូនខាងលើសូមលោកអធិការមេត្តាជួយសម្រួលនូវកម្លាំងដើម្បីចុះជួយពិនិ ត្យអោយដោយក្តីអនុគ្រោះ។
សូមលោកអធិការនិងក្រុមការងារទទួលបាននូវពរទាំងឡាយ ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សហការី