ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ៖​ ឃាត់ខ្លួនជនជាតិវៀតណាម ១១នាក់ពាក់ព័ន្ធនឹងបាញ់សម្លាប់មនុស្សនៅខណ្ឌបឹងកេងកង

ចែករំលែក៖

ភ្នំពេញ៖ ​លោកឧត្តមសេនីយ៍ត្រី​​ សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ​ បានថ្លែង​ឱ្យ​ដឹង​នៅថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​២០២៣នេះថា៖​ កម្លាំងសមត្ថកិច្ចជំនាញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន ១១នាក់ ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ជនជាតិវៀតណាមម្នាក់នៅក្នុងខណ្ឌបឹងកេងកង​ កាលពីម្សិលមិញនេះ។ 

គួរបញ្ជាក់ថា​ កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធចាប់ក្រុមជនសង្ស័យដែលបាញ់សម្លាប់ជនជាតិវៀតណាម កាលពីម្សិលមិញ នៅសណ្ឋាគារ សូផៃ ស្ថិតនៅផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបជូនថា​ មានករណីបាញ់ប្រហារមួយទាំងកណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី២៩ ខែកក្កដាម្សិលមិញ​ ស្ថិតនៅ​ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្ដាលឱ្យជនជាតិវៀតណាមម្នាក់ស្លាប់​យ៉ាងអាណោចអាធ័ម​នៅលេីដងផ្លូវ​ ហេីយក្រុម​ជនសង្ស័យ​នាំគ្នា​ជិះរថយន្ត​រត់គេចខ្លួន​បាត់ទៅ។ 

ជាមួយគ្នានេះ​ លោកអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ​រូបនេះ​ មិនទាន់បញ្ជាក់ឱ្យដឹងថា​ ករណីបាញ់សម្លាប់មនុស្សខាងលើនេះ​ ផ្ដើមចេញដោយសារមូលហេតុអ្វីនោះទេ ។

បច្ចុប្បន្នកម្លាំងជំនាញ​ កំពុងសួរចម្លើយទៅលើជនជាតិវៀតណាមដែលបានឃាត់ខ្លួនទាំង ១១នាក់​ ដេីម្បី​បន្តនីតិវិធី​ច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖