ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះថា កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលក្រាំងពង្រ បានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីធ្វេីសកម្មភាពលួចមានស្ងានទម្ងន់ទោសដោយការគាស់ទម្លុះទម្លាយ(យកទ្រព្យសម្បត្តិ) កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស្រី រិទ្ធិសក្តិ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មៃរ មុខរបរបុគ្គលិកអង្គការស៊ីម៉ាក់ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
រីឯជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមាន ឈ្មោះ សោម ឧត្តម ហៅត្រូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។
ក្នុងនោះសមត្ថកិច្ចក៏ដកហូតបានសម្ភារៈមានដូចជា ៖ ខ្សែភ្លើងចំនួន១៨គីឡូក្រាម, /ដែកកាត់ខ្លីៗចំនួន៣២គីឡូក្រាម,/ដែកស្ពានក្រហមសម្រាប់ដាក់ម៉ាស៊ីនត្រជាក់ចំនួន០១ដុំតូច,/សម្ភារ:សំណង់មួយចំនួន ។
គួរបញ្ចាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៦ និង៣០នាទីព្រឹក ជនរងគ្រោះឈ្មោះ ស្រី រិទ្ធិសក្តិ ភេទប្រុស អាយុ៥៧ឆ្នាំនិងក្រុមគ្រួសារបានចាក់សោរទ្វារផ្ទះនិងសោររបងផ្ទះ ស្ថិតភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ចេញទៅធ្វើការនៅអង្គការស៊ីម៉ាក់ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោង១៧និង០០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យឈ្មោះ សោម ឧត្តម ហៅ ត្រូ ភេទប្រុស អាយុ៣២ឆ្នាំ បានធ្វើសកម្មភាពផ្លោះរបងចូលទៅគាស់ទ្វារផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិ ច្រកចូលក្នុងការ៉ុងពណ៌សចំនួន០៥ការ៉ុងបោះចេញមកខាងក្រៅរបងផ្ទះរបស់ជនរងគ្រោះ ។ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ជិះម៉ូតូល្បាតក្នុងមូលដ្ឋានបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពដូចខាងលើ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងខាងលេី យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យខាងលើក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពផ្លោះរបងចូលទៅគាស់ទ្វារផ្ទះជនរងគ្រោះលួចយកទ្រព្យសម្បត្តិរបស់ជនរសគ្រោះ ប្រាកដមែន ។ បន្ទាប់មកសមត្ថកិច្ចក៏បានជូនដំណឹងទៅជនរងគ្រោះហើយជនរងគ្រោះក៏បានមកមើលសម្ភារ:ដែលសមត្ថកិច្ចដកហូតបានពីជនសង្ស័យរួចជនរងគ្រោះអះអាងថាសម្ភារ:ទាំងនេះជារបស់គាត់(ជនរងគ្រោះ) ប្រាកដមែន ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ