ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាធម្មនុញ្ញតម្កល់សេចក្តីសម្រេចផ្តន្ទាទោស លើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។

លោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនំជម្រះ បានដឹកនាំសមាជិក-សមាជិកា បើកសវនាការលើបណ្តឹងតវ៉ាជំទាស់ចំនួន២សំណុំរឿងទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ក្រោយពីបានសួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតម្កល់​សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោស​លើ​បុគ្គលញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត និងសម្រេចបិទផ្លូវតវ៉ាផងដែរ។

គួរជម្រាបថា បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច តំណាងដើមចោទ ឬចុងចោទអាចបន្ត​ប្តឹងជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង ខណៈក្នុងករណីបណ្តឹងដោះស្រាយ​បញ្ចប់ជាស្ថាពរ គ.ជ.ប ​នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និង​លទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ៕

ដោយ៖ សូរិយា


ចែករំលែក៖