ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន Samra Seaplane បានបណ្តាក់ទុកវិនិយោគនៅកម្ពុជាលើសេវាកម្មហោះហើរពីដីគោកទៅដីកោះតាមរយៈយន្តហោះដែលអាចចុះចតលើផ្ទៃទឹក។ នេះក៏ដោយសារតែប្រទេសជាតិរបស់យើងមានសន្តិភាព ទើបអ្នកវិនិយោគទុន មករកស៊ីនៅកម្ពុជា។
សូមបញ្ជាក់ថា : ក្រុមហ៊ុន Samra Seaplane បានបញ្ជាក់ថានៅចុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងនាំចូលយន្តហោះហោះលើទឹក និងសាកល្បងឱ្យដំណើរការហោះហើរពីខេត្តសៀមរាបទៅព្រះសីហនុ និងភ្នំពេញទៅព្រះសីហនុដែលអាចចុះចតនៅលើកោះសង្សារ កោះក្របី សណ្ឋាគារ Royal Sand។ល។
កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុន Samra Seaplane បានជួបពិភាក្សាជាមួយ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោកជុក ជំនោរ អំពីគម្រោងមួយនេះ។ តាមរយៈគម្រោងមួយនេះ នឹងអាចផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។
បើតាមក្រសួងទេសចរណ៍ ក្រុមហ៊ុនកំពុងសហការជាមួយរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ដើម្បីចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែមទៀត។
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក ជុក ជំនោរ បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ផ្តល់ភាពងាយស្រួល ផាសុកភាព កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។
លោក ជុក ជំនោរ បានស្នើឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងទៀតដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើ ដែលមានដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច។
ភាពរីកចម្រើននៅប្រទេសកម្ពុជា លើវិស័យទេសចរណ៍ ការវិនិយោគ ក៏ដូចជាគម្រោងធំៗជាច្រើន បាននឹងបន្ត បណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសជាតិយើង ជាផលចំណេញមួយយ៉ាងខ្លាំង ក្នុងការស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើ ដោះស្រាយជីវភាពគ្រួសារ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ៕
ដោយ ៖ សហការី