ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលកំពុងតែអានសៀវភៅលើកាំជណ្តើរ សង្ស័យបុរសជាឪពុកមាគ្រឿងញៀនធ្វើទុក្ខធុញថប់ អផ្សុកក្នុងខ្លួនទាញដំបងវាយទៅលើក្មួយស្រីរហូតដល់ស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលហើយនគរបាលឃាត់ខ្លួនជនដៃដល់បានភ្លាមៗ។
ការវាយសម្លាប់ក្មួយស្រីបង្កើតសង្ស័យគ្រឿងញៀនធ្វើទុក្ខនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ និង៥០នាទីព្រលប់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅកន្លែងកើតហេតុស្ថិតនៅក្នុងភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា កម្លាំង ជំនាញព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងប៉ុស្តិ៍សំបូរ បានឃាត់ខ្លួនឈ្មោះ សែម គឹមសេម ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពាក់ព័ន្ធជាមួយករណី ឃាតកម្មដោយចេតនា បានធ្វើ សកម្មភាពយកដំបងឈើមូលវាយទៅលើឈ្មោះ ផាន់ ករុណា ភេទស្រី អាយុ១២ឆ្នាំរៀនថ្នាក់ទី៦ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅពេលដែលក្មេងស្រីរងគ្រោះកំពុងអានសៀវភៅនៅលើកាំជណ្ដើរផ្ទះត្រូវជាក្មួយបង្កើតស្នាក់នៅផ្ទះជាមួយគ្នា។
មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបន្តទៀតថា ករណីឪពុកមាទាញដំបងវាយក្មួយរហូតដល់ស្លាប់នេះ ខណៈដែលម្តាយក្មេងស្រីរងគ្រោះទៅធ្វើការងាររោងចក្រ ហើយឱ្យក្មេងស្រីរងគ្រោះនៅផ្ទះជាមួយជនបង្ក(ជាឪពុកមានេះ)។
នគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ទៀតថា ក្រោយឃាត់ ខ្លួនបុរសជាឪពុកមាជនដៃដល់ខាងលើ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបគេពិតជាបានយកដំបងវាយក្មេងស្រីរងគ្រោះជាក្មួយ បណ្តាលឱ្យស្លាប់ពិតប្រាកដមែន។ មូលហេតុដែលគេវាយសម្លាប់ក្មួយស្រីនេះបណ្តាលមកពីរូបគេ ធុញថប់ក្នុងខ្លួនពេក អផ្សុកពេក។
តាមការបញ្ជាក់ពីក្រុមគ្រួសារ ឈ្មោះ សែម គឹមសេម នេះ ក្រុមគ្រួសារធ្លាប់យករូបគេដាក់នៅមណ្ឌលបន្សាបគ្រឿង ញៀនមួយលើករយៈពេល៦ខែរួចមកហើយ ប៉ុន្តែនៅតែមិនអាចកែប្រែបាន។ ហើយក៏កើតរឿងអកុសលបង្ក ហេតុវាយសម្លាប់ក្មួយបង្កើតខ្លួនឯងបែបនេះទៅ។
ករណីខាងលើជំនាញសហការជាមួយប៉ុស្តិ៍នគរបាលសំបូរកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមផ្លូវច្បាប់៕
ដោយ៖ សូរិយា