អតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Sadio Mane បានចាកចេញពីក្លិប Bayern Munich ទៅចូលរួមជាមួយកីឡាករ Cristiano Ronaldo នៅក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr ក្នុងតម្លៃផ្ទេរប្រមាណ៣៤លានផោន។ កីឡាករវ័យ៣១ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន១២គ្រាប់ក្នុង៣៨ប្រកួតសម្រាប់ Bayern ក្នុងរដូវកាលដ៏ក្រៀមក្រំមួយ បើទោះបីជាដំបូងមានការចាប់អារម្មណ៍ក៏ដោយ។
កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះក៏ជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយ Leroy Sane នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ក្នុងក្លិប Manchester City បន្ទាប់ពីចាញ់ការប្រកួត Champions League។ របាយការណ៍បានបង្ហាញថា ម្ចាស់ជើងឯកអាឡឺម៉ង់បានប្រមូលមកវិញភាគច្រើននៃ៣៥លានផោនដែលពួកគេបានចំណាយលើ Liverpool សម្រាប់ Mane កាលពីឆ្នាំមុន។
នាយកប្រតិបត្តិក្លឹប Bayern លោក Jan-Christian Dreesen បាននិយាយថា អតីតកីឡាករ Southampton ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៤ឆ្នាំជាមួយ Al-Nassr នោះមិនមានឆ្នាំងាយស្រួលនោះទេ ចាប់តាំងពីផ្ទេរពី Anfield ។ លោក Dreesen បាននិយាយថា “គាត់មិនអាចចូលរួមចំណែកបានច្រើនដូចយើងទាំងអស់គ្នាទេ ហើយគាត់ផ្ទាល់ក៏បានសង្ឃឹមដែរ” ។
កាលពីព្រឹកថ្ងៃអង្គារ អ្នកចាត់ការក្លិប Bayern លោក Thomas Tuchel បាននិយាយថាគាត់និង Mane បានយល់ស្របថាវាជាដំណោះស្រាយដ៏ល្អបំផុតដើម្បីស្រាយចំណង។ គ្រូបង្វឹក Bayern Munich បាននិយាយថា “ពួកយើងបានឱបគ្នាយ៉ាងយូរ ហើយយើងទាំង២បានព្រមព្រៀងគ្នាថាយើងមិនចូលចិត្តអ្វីដែលកំពុងកើតឡើងនៅពេលនេះទេ ប៉ុន្តែយើងគិតថាវាល្អបំផុតក្នុងស្ថានភាពនេះ។ពេលខ្លះអ្វីៗមិនដំណើរការដូចដែលមនុស្សគ្រប់គ្នាចង់ឱ្យវាដំណើរការទេ។ ដោយផ្ទាល់ខ្ញុំតែងតែមានទំនាក់ទំនងល្អជាមួយគាត់ ហើយវានឹងនៅដដែល”។គ្រូបង្វឹករូបនេះបានបន្តថា “ខ្ញុំអាចយល់បានទាំងស្រុងថា គាត់មានអារម្មណ៍ឈឺចាប់ ហើយខ្ញុំក៏មិនសប្បាយចិត្តដែរប្រសិនបើមានរឿងបែបនេះកើតឡើង។ ជាក់ស្តែង វាជាអ្វីមួយដែលយើងមិនបាននាំយកទៅក្នុងសក្តានុពលពេញលេញ ដែលជាការងាររបស់ខ្ញុំ និងការទទួលខុសត្រូវរបស់ខ្ញុំ ប៉ុន្តែក្នុងស្ថានភាពពិសេសនេះវាគឺជាដំណោះស្រាយដ៏ល្អបំផុតដើម្បីស្រាយចំណង”។
ក្លិប Al-Nassr បានចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាល Ronaldo កាលពីខែធ្នូ ហើយបានធ្វើតាមនោះនៅរដូវក្តៅនេះដោយបន្ថែមខ្សែបម្រើក្រូអាត Marcelo Brozovic, ខ្សែការពារប្រេស៊ីល Alex Telles និងខ្សែបម្រើកូតឌីវ័រ Seko Fofana ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)