ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលគាត់នៅជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ បានលើកឡើងពី “ចំណេះវិជ្ជា បញ្ញា និងឥរិយាបទ សមរម្យ ដែលធ្វើឱ្យគេដក់អារម្មណ៍ ចងចាំយើងបានយូរអង្វែង”

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កាលគាត់នៅជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ បានមានប្រសាសន៍ថា : “ជំនឿទុកចិត្តលើខ្លួនឯងកើតឡើង ពីការមានចំណេះវិជ្ជា និងឥរិយាបទ សមរម្យ។ ជាទូទៅ ស្ត្រីភាគច្រើនតែង តែគិតថារូបសម្បត្តិជាកត្តាសំខាន់ដើម្បី ចូលចំណោមគេចុះ។ វាមិនត្រឹមត្រូវទាំងស្រុងឡើយ។ នេះមិនមែនបានន័យថា រូបសម្បត្តិមិនសំខាន់នោះទេ។ វាក៏សំខាន់ ដែរដើម្បីទាញអារម្មណ៍អ្នកដទៃពេលជួបគ្នាដំបូង។ ប៉ុន្តែ ចំណេះវិជ្ជា បញ្ញា និងឥរិយាបទ សមរម្យឯណោះទេ ដែលធ្វើឱ្យគេដក់អារម្មណ៍ ចងចាំយើងបានយូរអង្វែង”

សូមបញ្ជាក់ថា : ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង លោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួស លោក ជា ចាន់តូ។

សូមមកស្គាល់ប្រវត្តិរបស់លោកស្រី ជា សិរី , លោកស្រី ជា សិរី កើតថ្ងៃទី០១ ខែមករា ឆ្នាំ ១៩៨១ នៅរាជធានីភ្នំពេញ ជាកូនស្រីរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងម្ដាយឈ្មោះ ខៀវ ស៊ីណា។ កាលពីកុមារភាព លោកស្រី រៀននៅសាលាបឋមសិក្សាបាក់ទូក ក្រុងភ្នំពេញ។ បន្ទាប់មកនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ ៨ឆ្នាំ លោកស្រី ត្រូវបានគ្រួសារបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។

ក្រោយចប់កម្រិតវិទ្យាល័យ គឺនៅឆ្នាំ១៩៩៩ លោកស្រី បន្តសិក្សាថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Victoria រដ្ឋ Wellington ប្រទេសញូហ្សេឡែន ដោយនៅឆ្នាំ២០០២ ទទួលសញ្ញាបត្របរិញ្ញាបត្រ ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ។ នៅឆ្នាំ២០១០ លោកស្រី ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ។ ឆ្នាំ២០២១ កន្លងទៅនេះ លោកស្រី ជា សេរី ក៏ទទួលបានសញ្ញាបត្របណ្ឌិតសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យ Adelaide ប្រទេស អូស្ត្រាលី។ ទន្ទឹមគ្នានេះ លោកស្រី ក៏បញ្ចប់ការសិក្សាជំនាញរយៈពេលខ្លីផងដែរ គឺវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Harvard Kennedy សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧។

នៅឆ្នាំ១៩៩៩ លោកស្រី ជា សិរី ចាប់ផ្ដើមបម្រើការងារនៅធនាគារជាតិនៃកម្ពុជា ហើយនៅឆ្នាំ២០០២ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺលោកស្រី បម្រើការងារនៅនាយកដ្ឋានត្រួតពិនិត្យធនាគាររបស់ធនាគារជាតិនៃកម្ពុជា។ ជាបន្តបន្ទាប់ លោកស្រី កាន់តំណែងជាអគ្គនាយករងបច្ចេកទេស ក្រោយមកឡើងជាអគ្គនាយកបច្ចេកទេស និងជាឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា។

៊ក្រៅពីនេះ លោកស្រី ជា សិរី ក៏កាន់តំណែង និងការងារសំខាន់ៗ ជាច្រើនទៀតនៅធនាគារជាតិនៃកម្ពុជា រួមមាន ៖ សមាជិកគណៈកម្មាធិការកម្រិតខ្ពស់សម្រាប់ការបញ្ចូលហិរញ្ញវត្ថុយេនឌ័រ និងស្ត្រី (២០១៦-២០១៨) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរ (២០១៧-២០២១) សមាជិកក្រុមប្រឹក្សាប្រឹក្សាអាស៊ីអាគ្នេយ៍ធនាគារពិភពលោករបស់ស្ត្រី (២០១៨-២០២១) ស្ថាបនិកមូលនិធិរស្មីកុមារ ប្រធានក្រុមប្រឹក្សាសមាគមសេដ្ឋកិច្ចកម្ពុជា សមាជិកវេទិកាអ្នកដឹកនាំពិភពលោកវ័យក្មេង និងជាសមាជិកក្រុមប្រឹក្សាអន្តរជាតិវិទ្យាស្ថាន Global FinTech ជាដើម៕

ដោយ ៖ សហការី


ចែករំលែក៖