ភ្នំពេញ ៖ អាជ្ញាធរខណ្ឌដង្កោ និងប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីគេចចេញពីគ្រោះទឹកជំនន់មកពីខេត្តកំពង់ស្ពឺ ហូរចូលក្នុងស្ទឹងព្រែកត្នោត។
បើតាមលោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានប្រាប់សារព័ត៌មានឱ្យដឹងថា ការត្រៀមលក្ខណៈទុកជាមុននោះមានដូចជា៖ កម្លាំងប្រជាការពារភូមិ ប៉ាវសម្រាប់ទប់ទឹក និងសម្ភារៈផ្សេងៗទៀតជាដើម។ ក្នុងករណីអាជ្ញាធរសង្កាត់មិនអាចគ្រប់គ្រងស្ថានការណ៍បាន នឹងរាយការណ៍ទៅថ្នាក់លើដើម្បីជួយអន្តរគមន៍។
លោកស្រីចៅសង្កាត់បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងព្រែកត្នោតត្រូវមានការប្រុងប្រយ័ត្នទុកជាមុន បើទោះបីពេលនេះទឹកស្ទឹងព្រែកត្នោតមិនទាន់បង្កជាបញ្ហាក្តី។
ប្រជាពលរដ្ឋ បានលើកឡើងដែរថា ជាទម្លាប់ក្នុងរដូវវស្សាទឹកស្ទឹងព្រែកត្នោតតែងតែឡើង ហើយដើម្បីការពារកុំឲ្យខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ គឺពួកយើងបានត្រៀមលក្ខណៈរួចរាល់ ពោលដូចជា៖រៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំ នឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រទេសកម្ពុជា បានរងឥទ្ធិពលព្យុះទី៥ ឈ្មោះដុកស៊ូរី បង្កឱ្យមានភ្លៀងធ្លាក់នៅស្ទើរទូទាំងប្រទេស ក្នុងនោះក៏មានខេត្តកំពង់ស្ពឺផងដែរ។ ហើយទឹកជំនន់នៅខេត្តកំពង់ស្ពឺហូរចូលស្ទឹកព្រែកត្នោត អាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយសណ្ដរស្ទឹង។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទឹកស្ទឹកព្រែកត្នោត មិនទាន់ឡើងខ្លាំងក្លាយជាជំនន់នោះទេ៕
ដោយ ៖ ភារ៉ា ដង្កោ