ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បាននាំយកទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣វត្ត គឺ មានវត្តពោធិ៍ថ្មី វត្តតាពៅនិង វត្តបុព្វារាម ដែលស្ថិតក្នុងក្រុងបាវិត។
ក្នុងឱកាសនោះក៏នមានការចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកប្រធាន អនុប្រធានការិយាល័យចំណុះក្រុង និងអាចារ្យគណៈកម្មការវត្តទីមួយៗ។
ដោយក្នុងវត្តនីមួយៗ ទទួលបាន អង្ករ ១៥០ kg ទឹកសុទ្ធ ៥កេស មី ៥កេស ទឹកក្រូច ៥កេស និងថវិកាវត្តពោធិ៍ថ្មី ចំនួន ១,០៤០,០០០ រៀល វត្តតាពៅ ចំនួន១,០០០,០០០រៀល វត្តបុពា្វរាម ១,១៣០,០០០ រៀល។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
ព្រះសង្ឃត្រូវនៅក្នុងទីវត្តអារាមរយៈពេល៣ខែ ក្នុងរដូវធ្លាក់ភ្លៀង និងមិនអនុញ្ញាតឲ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬ និមន្តទៅសម្តែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញក្នុង រយៈពេល ៧ថ្ងៃ។ ពិធីបុណ្យនេះចាប់ផ្តើមពីថ្ងៃ១រោចខែអាសាធដល់ថ្ងៃ ១៥ កើត ខែអស្សុជ ៕
ដោយ៖ សុថាន