ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោបានលើកឡើងថា, នៅពេលនេះគឺលោក ហ៊ុន ម៉ាណែត មានអាយុ ៤៦ឆ្នាំ ដែលសមល្មមនឹងមានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកណ្ដាល៖ សម្ដេចនាយក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន បានលើកឡើងពីមូលហេតុចំនួន៤ ដែលធ្វើឲ្យសម្ដេចសម្រេចចិត្តលាលែងពីតំណែងនាយករដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខ។ មូលហេតុ៤នោះរួមមាន ដើម្បីស្ថេរភាព មនុស្សជំនាន់ក្រោយមានសមត្ថភាពរឹងមាំ មនុស្សជំនាន់ចាស់នៅមានលទ្ធភាពតាមដានបន្ត និងត្រូវពេលដែលត្រូវផ្ទេរ។

ថ្លែងនៅក្នុងពិធីសម្ពោធដោយប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចនៅពេលនេះ គឺដើម្បីស្ថេរភាព សន្តិសុខ និងការបន្តអភិវឌ្ឍរបស់ប្រទេស ខណៈសម្ដេចលើកឡើងថាប្រសិនជាមានរឿងអ្វីកើតឡើងនៅក្នុងពេលដែលសម្ដេចគ្រប់គ្រងដឹកនាំហើយត្រូវការរើសនាយករដ្ឋមន្ត្រីថ្មីភ្លាមៗនោះគឺវានឹងធ្វើឲ្យប្រទេសបាត់បង់ស្ថេរភាព ដោយសារតែអាចមានការប្រកួតប្រជែងដណ្ដើមអំណាចជានាយករដ្ឋមន្ត្រី។ 

សម្ដេចតេជោ ហ៊ុនសែន បន្តថា, សម្ដេចធ្វើបែបនេះគឺដោយមើលឃើញពីគំរូវីរភាពរបស់សម្ដេចព្រះបរមរតនកោដ្ឋក្នុងការដាក់រាជ្យនិងផ្ទេររាជ្យទៅដល់ព្រះមហាក្សត្របច្ចុប្បន្ន។

សម្ដេចតេជោបានលើកឡើងថា, នៅពេលនេះគឺលោក ហ៊ុន ម៉ាណែត មានអាយុ ៤៦ឆ្នាំ ដែលសមល្មមនឹងមានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល។ សម្ដេចថ្លែងថាសមាជិករដ្ឋាភិបាលអាណត្តិថ្មីគឺសុទ្ធតែជាអ្នកមានសមត្ថភាពនិងមានអាយុក្រោម ៥០ឆ្នាំទាំងអស់។

សម្ដេចតេជោបានផ្ដាំទៅដល់គណៈរដ្ឋមន្ត្រីបច្ចុប្បន្នឲ្យត្រៀមខ្លួនក្នុងការលាលែងពីតំណែង។

សម្ដេចថា៖ «សុំឱ្យបងប្អូននៅក្នុងគណៈរដ្ឋមន្ត្រីយើងទាំងអស់លះបង់។ តាមពិតអ្នកដែលលះបង់ធំជាងគេនោះគឺខ្ញុំឯណោះទេអំណាចជានាយករដ្ឋមន្ត្រី។ ខ្ញុំសុខចិត្តលះបង់នូវអំណាចនេះដើម្បីសេចក្ដីសុខរយៈពេលវែងទៅដល់ប្រជាជនកម្ពុជាក្នុងនោះរួមទាំងយើងផងដែរ»។

សម្ដេចតេជោ ហ៊ុនសែន បន្ថែមថា , ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចក៏សម្ដេចនៅមានតួនាទីនៅក្នុងសភាហើយនៅដើមឆ្នាំក្រោយសម្ដេចក៏នឹងធ្វើជាប្រធានព្រឹទ្ធសភាផងដែរ ដែលសម្ដេចមិនទាន់ចេញទៅណាឆ្ងាយពីឆាកនយោបាយនៅក្នុងប្រទេសនោះទេ។ ជាមួយគ្នានោះសម្ដេចក៏បានប្រកាសបញ្ជាក់ថាទោះបីជាសម្ដេចមានឥទ្ធិពលនៅក្នុងឆាកនយោបាយក្ដីក៏សម្ដេចមិនលូកលាន់កិច្ចការនយោបាយរបស់នាយករដ្ឋមន្ត្រីដែរ។

ចំពោះមូលហេតុចុងក្រោយ គឺសម្ដេចថាពេលនេះគឺជាពេលដែលត្រូវឱ្យសម្ដេចក្នុងការផ្ទេរអំណាចទៅកាន់នាយករដ្ឋមន្ត្រីថ្មីហើយ ដោយសារតែសន្ទុះក្នុងការគាំទ្រគណបក្សប្រជាជនពីសំណាក់អ្នកបោះឆ្នោតគឺមានកាន់តែច្រើនឡើងលើសពីការបោះឆ្នោតអាណត្តិមុនទៀត។

សម្ដេចថា៖ «បើជាសន្លឹកឆ្នោតទាបជាងឆ្នាំ២០១៨ គឺខ្ញុំអត់ទាន់ចាកចេញទេ! ខ្ញុំនឹងនៅកែលម្អស្ថានការណ៍ ហោចណាស់ក៏បានពាក់កណ្ដាលឬរហូតដល់ចប់អាណត្តិទី៧ តែម្ដង។ តែដោយសារតែសន្លឹកឆ្នោតនេះអនាគតបានប្រកាសរួចស្រេចទៅហើយ។ បើប្រជាជាតិមិនសប្បាយចិត្តជាមួយនឹងតួអង្គបន្តវេនទេគឺច្បាស់ជាសំឡេងឆ្នោតចុះ»។

បើគ្មានអ្វីប្រែប្រួលនោះទេនៅថ្ងៃទី៧ ខែសីហា ខាងមុខប្រធានគណបក្សប្រជាជនសម្ដេចតេជោ ហ៊ុន សែន និងធ្វើលិខិតឧទ្ទេសនាមស្នើទៅកាន់ព្រះមហាក្សត្រដើម្បីតែងតាំងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ នាយករដ្ឋមន្ត្រីថ្មីនិងធ្វើការរៀបចំគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំសេចក្ដីទុកចិត្តពីសភានៅថ្ងៃទី២១ ខែសីហា និងចូលកាន់តំណែងពេញសិទ្ធិនៅថ្ងៃទី២២ ខែសីហា ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចធ្លាប់បានលះបង់យកជីវិតធ្វើដើម្បីទុនដើម្បីរំដោះប្រទេស ធ្លាប់បានយកជីវិតធ្វើដើមទុនដើម្បីបង្រួបបង្រួមជាតិ ដែលមិនចេះចប់មិនចេះហើយ ព្រមទាំងយកជីវិតនយោបាយរបស់សម្តេច ធ្វើជាដើមទុន នៃកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ចនៅកម្ពុជាជាដើម។

«ខ្ញុំបានលះបង់ហើយ ឥឡូវខ្ញុំចង់លះបង់សារជាថ្មីម្តងទៀត ដើម្បីសេចក្តីសុខរយៈពេលវែងរបស់ប្រជាជន យ៉ាងហោចមានមូលហេតុ៤យ៉ាង ដែលខ្ញុំគួរតែជម្រាបជូនចំពោះប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។

កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីមានការផ្សព្វផ្សាយនូវលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះក្នុងការបោះឆ្នោត រហូតដល់ជាង៦.៣លានសំឡេង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តកាន់តំណែងនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧នោះទេ ដោយផ្ទេរទៅឱ្យ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនមួយទៀត ដែលសម្រេចដោយគណបក្សប្រជាជនកម្ពុជា។

សម្តេចបានលើកឡើងថា ការផ្ទេរឱ្យយុវជនពេលនេះ មានស្ថិរភាពជាងពេលដែលសម្តេច ក៏ដូចជាមានមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កាន់តំណែងរហូតដល់ចាស់ស្លាប់។ សម្តេចបានចោទសួរថា តើមាននាយករដ្ឋមន្ត្រីប៉ុន្មាននាក់ ដែលធ្លាប់បានលះបង់អំណាចដូចសម្តេច ក្នុងពេលដែលខ្លួនមានលទ្ធភាព ធ្វើនាយករដ្ឋមន្ត្រីបាន ៥ ទៅ១០ឆ្នាំទៀត ប៉ុន្តែមិនមែនវាជារឿងល្អទេ នៅពេលដែលកាន់តំណែងរហូតដល់ចាស់ស្លាប់។

កាលពីឆ្នាំ២០១៥ មានការចោទជាសំណួរដោយ លោក ស៊ិនស៊ូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនថា «ក្រោយហ៊ុនសែន ជានរណា?» ដែលសំណួរនេះ ធ្វើឱ្យសម្តេចមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ សម្តេចបានរំលឹកថា បញ្ហាមិនតូចទេ ក្រោយហ៊ុនសែន ជានរណា? វាជាបញ្ហាដ៏ធំ។ សម្តេចបានដាក់ចេញជាសំណួរថា ប្រសិនបើស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក តើនឹងមានរឿងអ្វីកើតឡើង បើយើងមិនបានត្រៀមរៀបចំអ្នកបន្តវេន។ សម្តេចគោរពយ៉ាងជ្រាលជ្រៅចំពោះព្រះរាជតម្រិះ ព្រះមហាវីរក្សត្រ ដែលព្រះអង្គបានដាក់រាជ្យពេលនោះ ហើយរៀបចំឱ្យព្រះរាជបុត្ររបស់ព្រះអង្គបច្ចុប្បន្ន គ្រងរាជ្យ គឺ៨ឆ្នាំមុនពេលព្រះអង្គសោទិវង្គត។ នេះជាព្រះរាជតម្រិះដ៏អស្ចារ្យរបស់ព្រះវររាជបិតាជាតិយើង៕

ដោយ ៖ សិលា


ចែករំលែក៖