ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសនេសាទនៅក្នុងបឹងធម្មជាតិឧបករណ៍នេសាទត្រូវកម្លាំងចម្រុះបំផ្លាញចោល

ចែករំលែក៖

ខេត្តក្រចេះ ៖ បទល្មើសនេសាទនៅក្នុងបឹងធម្មជាតិត្រូវបានលោកស្រី សុខ សុផាត អភិបាលរងស្រុកព្រែកប្រសព្វដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្រ្កាបរឹបអូសវត្ថុតាងមកបំផ្លាញចោល។

ការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងបឹងធម្មជាតិនោះកម្លាំងចម្រុះបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ក.ព្រែកបឹងធំ (ក.ព្រែកយួន)ជាប់ព្រំប្រទល់រវាងឃុំកំពង់គរ នឹងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះបានឱ្យដឹងនៅព្រឹកថ្ងៃទី ៦ ខែសីហានេះថា កម្លាំងចម្រុះចូលរួមជាមួយផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកព្រែកប្រសព្វ ក្រុមប្រឹក្សាឃុំកំពង់គរ និងឃុំតាម៉ៅ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់គរ កម្លាំងសហគមន៍នេសាទតាម៉ៅ និងប្រជាការពារកំពង់គរ។

លោកនាយខណ្ឌបន្តថា ជាលទ្ធផលកម្លាំងចម្រុះសម្រេចបានដោយធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន របាំងសាច់អួនក្រឡាញឹក(សាច់កាវ)ដាក់បាំងជិតចំណុចកព្រែកយួនចំនួន១១ កន្លែង (១១ខ្សែ) ប្រវែង៤១០ម៉ែត្រលបសាច់អួនក្រឡាញឹក(សាច់កាវ) ចំនួន១២គ្រឿង, លបប្រឹស១០០ ចំនួន០៦គ្រឿង ប្រវែង៦០ម៉ែត្រ ក្រឡា០៤-០៥សង់ទីម៉ែត្រ បង្គោលចម្រឹងឈើ-ប្ញស្សីចំនួន៣០០ដើមនិងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិ ប្រមាណជា១៥គីឡូក្រាម។

លោកម៉ុក ពន្លក បានបញ្ជាក់ទៀតថា ក្នុងនាមសមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់កុំឱ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ សូមឱ្យបងប្អូននេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានជលផលឱ្យមាននិរន្តរភាពសម្រាប់បច្ចប្បន្ននិងទៅអនាគត ហើយសូមប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានជួយផ្ដល់ព័ត៌មានស្ដីពីបទល្មើសជលផលដើម្បីឱ្យសមត្ថកិច្ចជលផលនិងអាជ្ញាធរពាក់ព័ន្ធចុះបង្រ្កាបទាន់ពេលវេលា៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖