ភ្នំពេញ ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ចាត់តាំងជានាយករដ្ឋមន្រ្តីដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។
លោកថ្លែងបន្តថា, ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និងទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យបវរមហាប្រសើរដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ។
លោកថា, ការផ្ទេរអំណាចដែលបានប្រព្រឹត្តទៅនាពេលនេះ ពិតណាស់ គឺជាការបន្តនិរន្តរភាព និងការប្រព្រឹត្តទៅជាប្រកតីនៃស្ថាប័នកំពូលរបស់ជាតិដោយរលូនក្នុងសុខសន្តិភាព។ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សដែលមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ដែលត្រូវដឹកនាំរាជរដ្ឋាភិបាល បានឈ្វេងយល់ច្បាស់ពីសារៈសំខាន់ និងភាពចាំបាច់នៃការបន្តវេន និងបានរៀបចំកិច្ចការនេះតាំងពីមុនស្រេចទៅហើយ។ អ្នកបន្តវេនរបស់គណបក្សសុទ្ធតែបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអម្រែកទំនួលខុសត្រូវដ៏ធំមួយនេះ។
យើងខ្ញុំទាំងអស់គ្នាជាកម្មាភិបាលនៃគណបក្សប្រជាជនកម្ពុជាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគណបក្សដែលបានផ្តល់ការយកចិត្តទុកដាក់ និងផ្តល់ឱកាសសម្រាប់យុវជនជំនាន់ក្រោយក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ បណ្តុះមនសិការស្នេហាជាតិ ព្រមទាំងបង្ហាញផ្លូវសម្រាប់ការបន្តកិច្ចការបម្រើជាតិមាតុភូមិ។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំនាវាកម្ពុជាបន្តឆ្ពោះទៅមុខយ៉ាងស្វាហាប់ ក្រោមម្លប់នៃសន្តិភាពដែលបានត្រួសត្រាយ ពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុន។
ជយោ! ព្រះរាជាណាចក្រកម្ពុជា!
អរគុណសន្តិភាព! ៕
ដោយ ៖ សហការី