ព័ត៌មានទាន់ហេតុការណ៍៖

លោកអភិបាលក្រុងបាវិត ៖ រាល់ការបើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុង នៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការណ៍ពិតនូវរាល់ចំណុចសកម្មនិងចំណុចអសកម្មដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតបានមានប្រសាសន៍ថា រាល់ការបើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងបាវិតនៅគ្រប់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋត្រូវហ៊ាននិយាយការណ៍ពិតនូវរាល់ចំណុចសកម្មនិងចំណុចអសកម្មដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះវេទិកានេះត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យបងប្អូនបញ្ចេញយោបល់ដើម្បីធ្វើការកែលម្អភាពចន្លោះប្រហោងរបស់មូលដ្ឋាន អោយកាន់តែមានប្រសិទ្ធភាពផងដែរ។

    ការមានប្រសាសន៍បែបនេះធ្វើឡើងនាព្រឹកថ្ងៃទិ៧ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី បើកវេទិកាពិគ្រោះយោបល់ក្រុមប្រឹក្សាក្រុងបាវិតដោយមានការចូលរួមពីសំណាក់លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត អាជ្ញាធរ សមត្ថកិច្ចជំនាញ មន្ត្រីពាក់ពន្ធ័និងប្រជាពលរដ្ឋជាច្រើននាក់នៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិត។

    លោកលឹម សៀងហេង បានថ្លែងថា ចំពោះក្រុមហ៊ុនដីឡូត៍អេរ៉ូ មែន ដែលមិនទាន់ចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនេះ រយៈកាលកន្លងមកអាជ្ញាធរបានខិតខំដោះស្រាយជាបន្តបន្ទាប់ដែរ តែភាគីអ្នកលក់ដីឱ្យក្រុមហ៊ុននិងក្រុមហ៑ុនអេរ៉ូ មែន គឺមិនព្រមចូលរួមដោះស្រាយ។

    ចំពោះការទិញដីឡូត៍នេះដែរ លោកអភិបាលក្រុងបាវិតបានផ្ដល់អនុសាសន៍ ចំនួន៤ចំណុចសំខាន់៖

ទី១.ផ្អាកការលក់ដូរដីនៅលើទីតាំងដីឡូត៍អេរ៉ូមែន ដើម្បីរង់ចាំការដោះស្រាយឱ្យសមស្របណាមួយ។

ទី២.បន្តការដោះស្រាយចំពោះដីឡូត៍នេះតាមយន្តការវិវាទក្រៅប្រព័ន្ធតុលាការ។

ទី៣.ពលរដ្ឋដែលបានទិញដីនៅក្រុមហ៊ុនដីឡូត៍អេរ៉ូមែន គឺអាចអាស្រ័យផលនៅលើទីតាំងដីនេះបានដដែល ដោយពលរដ្ឋទិញដីនៅឡូត៍ណាគឺអាចអាស្រ័យផលបាននៅលើឡូត៍នោះ។

ទី៤.អាជ្ញាធរសង្កាត់ត្រូវពិនិត្យមើលនិងតាមដានលើករណីដីនេះ ហើយមិនឱ្យភាគីណាមួយមកបង្កបញ្ហាក៏ដូចជាបំផ្លិច បំផ្លាញទ្រព្យសម្បត្តិរបស់ពលរដ្ឋនោះទេ តែបើមានត្រូវតែថតវីដេអូទុកឯកសារ និងប្ដឹងមកសមត្ថកិច្ចនិងស្ថាប័នតុលាការដើម្បីមានចំណាត់ការ។

    ចំពោះការលើកឡើងរបស់លោកអភិបាលក្រុងបាវិតចំនួន៤ចុំណុចនេះ ពលរដ្ឋយល់ព្រមនិងទទួលយកបាននូវការផ្តល់អនុសាសន៍នេះផងដែរ។

បន្ថែមលើសពីនេះលោកអភិបាលក្រុងក៏បានដោះស្រាយរាល់ការសំណូមពររបស់ប្រជាពលរដ្ឋដូចជាការដាក់លូរំដោះទឹក បញ្ហាផ្លូវ អត្តសញ្ញាណប័ណ្ណ បញ្ហាក្មេងទំនើងនៅក្នុងមូលដ្ឋាន ការលែងសត្វពាហនៈពាសវាលពាសកាល និងបានដោះស្រាយបានមួយចំនួនធំផងដែរ។

    ដោយឡែកចំពោះបញ្ហាក្មេងទំនើង គ្រឿងញៀននៅមូលដ្ឋាន លោកអភិបាលក្រុងក៏បានសំណូមដល់អាណាព្យាបាល ឪពុកម្ដាយ ត្រូវចូលរួមអប់រំកូនចៅឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងណែនាំឱ្យកូនៗខិតខំរៀនសូត្រដើម្បីក្រេបយកចំណេះវិជ្ជាក្លាយជាកូនល្អ ពលរដ្ឋល្អ សិស្សល្អ ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិដ៏រឹងមាំរបស់យើង  ដូច្នេះត្រូវតែចូលរួមសហការទាំងអស់គ្នា ដើម្បីមូលដ្ឋានគ្មានគ្រឿងញៀននិងក្មេងទំនើង។

    ជាមួយគ្នានេះ ចំពោះបញ្ហាអត្តសញ្ញាណប័ណ្ណ ត្រូវបានលោកអធិការនគរបាលក្រុងបាវិតបានណែនាំដល់ប្រជាពលរដ្ឋ ពេលបាត់អត្តសញ្ញាណប័ណ្ណឬផុតកំណត់ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មានប៉ុស្តិ៍រដ្ឋបាលសង្កាត់ ដើម្បីធ្វើឯកសារស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណថ្មី ហើយសូមស្នើដល់ អាណាព្យាបាល ឪពុកម្ដាយ កុំលួចកែសំបុត្រកំណើតដោយចិត្តឯងដើម្បីឱ្យគ្រប់អាយុចូលធ្វើការងាររោងចក្រ ដែលនាំឱ្យពិបាកដល់សមត្ថកិច្ចជំនាញក្នុងការធ្វើអត្តសញ្ញាប័ណ្ណ ព្រោះសំបុត្រកំណើតទាំងអស់របស់ប្រជាពលរដ្ឋគឺមានតម្កល់ទុកគល់បញ្ជីនៅសាលាក្រុងស្រាប់ រួចហើយ។

   លោកណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិតបានបញ្ជាក់ថា វេទិកាសាធារណៈនេះ បានធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋបានចូលសម្តែងមតិឬផ្តល់យោបល់ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ភូមិឃុំមានសុវត្ថិភាព និងរួមគ្នាដោះស្រាយផ្តល់ភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ដោយ៖ សុថាន


ចែករំលែក៖