ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាបានចុះឆ្មក់បង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង ក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី១៥នាក់យកទៅសួរនាំ រួចឱ្យធ្វើកិច្ចសន្យា ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
សូមបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ កម្លាំងអាជ្ញាធរបានចុះបង្រ្កាបទីតាំងល្បែងសុីសងខុសច្បាប់មួយនៅចំណុចផ្ទះលេខ 29Eo ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ដែលដឹកនាំបង្ក្រាបដោយលោក ណុប ផា អភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៥នាក់ (ស្រី០៥នាក់) ដកហូតវត្ថុតាងកុំព្យូទ័រ ជាង១០គ្រឿង។
តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឱ្យដឹងថា មុនឈានដល់ការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងច្បាស់ថា ទីតាំងនេះប្រាកដជាបើកល្បែងស៊ីសងគ្រប់ប្រភេទមានដូចជាបញ្ជល់មាន់អនឡាញ បៀក្រាត និងផ្សេងៗទៀតពាក់ព័ន្ធនឹងល្បែងស៊ីសង។ ដូច្នេះកម្លាំងបានធ្វើការឆ្មក់ចុះបង្ក្រាបបាននិងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៥នាក់និងវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងនេះមួយចំនួនធំ។
ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងបាននាំមនុស្សប្រុសស្រីចំនួន១៥នាក់នោះទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បី សួរនាំ ហើយមនុស្សប្រុសស្រីទាំង១៥នាក់នោះបានធ្វើកិច្ចសន្បារួចសមត្ថកិច្ចក៏អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕
ដោយ រ៉ារ៉ា និង ជីណា