គ្រូបង្វឹក Wolves លោក Julen Lopetegui បានចាកចេញពីក្លឹបហើយ ដោយអតីតអ្នកចាត់ការក្លិប Bournemouth លោក Gary O’Neil នឹងមកជំនួសគាត់។ ក្លិបបានដឹងមួយរយៈមកហើយថា លោក Lopetegui អាយុ៥៦ឆ្នាំចង់ចាកចេញ។ ក្លិប Wolves បានអះអាងថា ភាគីទាំងពីរបានទទួលយកភាពខុសគ្នានៃមតិយោបល់លើបញ្ហាមួយចំនួន ហើយបានយល់ព្រមថា ការបញ្ចប់ដោយការឯកភាពចំពោះកិច្ចសន្យារបស់គាត់គឺជាដំណោះស្រាយដ៏ល្អបំផុត។
Wolves បានប្រកាសពីការចាកចេញរបស់បុរសសញ្ជាតិអេស្ប៉ាញរូបនេះ៣ថ្ងៃមុនពេលរដូវកាល Premier League ចាប់ផ្តើម ដោយក្រុមនេះត្រូវជួប Manchester United នៅថ្ងៃចន្ទ។ ក្លិបបានឲ្យដឹងថា កិច្ចពិភាក្សាបានកំពុងបន្តក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឡើងដោយការគោរព និងស្និទ្ធស្នាលបំផុត ដើម្បីផ្តល់ពេលវេលាដល់ក្លិបដើម្បីធ្វើការស្វែងរកអ្នកស្នងតំណែង និងអនុញ្ញាតឱ្យលោក Lopetegui និងបុគ្គលិករបស់គាត់ទទួលបានក្រុមក្នុងទម្រង់ដ៏ល្អសម្រាប់រដូវកាលថ្មី។
កិច្ចព្រមព្រៀងចែកផ្លូវត្រូវបានផ្សាភ្ជាប់បន្ទាប់ពីការប្រកួតមិត្តភាពជាមួយ Celtic កាលពីខែមុន ប៉ុន្តែលោក Lopetegui បានយល់ព្រមបន្តទុកពេលដើម្បីស្វែងរកអ្នកជំនួស។ បេក្ខជនជាច្រើនត្រូវបានចាត់ទុកថា ជាអ្នកជំនួសលោក Lopetegui ប៉ុន្តែលោក O’Neil វ័យ៤០ឆ្នាំបានចាប់អារម្មណ៍លើក្រុម ហើយត្រូវបានគេរំពឹងថា នឹងត្រូវបានបញ្ជាក់ជាអ្នកចាត់ការថ្មីនៅថ្ងៃពុធ។
លោក O’Neil បានដឹកនាំ Bournemouth ទៅកាន់សុវត្ថិភាព Premier League កាលពីរដូវកាលមុនជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥ ប៉ុន្តែត្រូវបានបណ្តេញចេញក្នុងខែមិថុនា ហើយជំនួសដោយលោកAndoni Iraola ដែលបានដឹកនាំក្រុមអេស្ប៉ាញ Rayo Vallecano ដល់លេខ១១ក្នុង La Liga កាលពីរដូវកាលមុន។
លោក Lopetegui មិនត្រូវបានអនុញ្ញាតឱ្យចុះហត្ថលេខាលើកីឡាករណាម្នាក់នៅរដូវក្តៅនេះទេ បន្ទាប់ពីជឿថា ក្រុមនឹងត្រូវបានពង្រឹង។ អតីតគ្រូបង្វឹកអេស្ប៉ាញលោក Lopetegui បានចូលកាន់តំណែងកាលពីខែវិច្ឆិកា នៅពេលដែល Wolves ស្ថិតនៅបាតតារាង Premier League មុនពេលដឹកនាំពួកគេទៅចំណាត់ថ្នាក់ទី១៣ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបបាននាំឱ្យមានការរំពឹងទុកនៅដើមរដូវក្តៅនេះថា គាត់អាចចាកចេញ។ នៅក្នុងលិខិតចំហមួយទៅកាន់អ្នកគាំទ្រ ប្រធានក្លិបលោកJeff Shi បាននិយាយថា ម្ចាស់ក្លិបជនជាតិចិន Fosun មិនមានចេតនាលក់ក្លឹបនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់ថា Wolves ត្រូវតែប្រុងប្រយ័ត្នជាមួយនឹងការចំណាយរដូវក្តៅរបស់ពួកគេដើម្បីបំពេញតាមច្បាប់ហិរញ្ញវត្ថុរបស់ Premier League ។
យោងតាមច្បាប់របស់ FFP ក្លិបត្រូវតែរកប្រាក់ចំណេញលើការជួញដូរកីឡាករនៅរដូវក្តៅនេះ ដើម្បីជៀសវាងការខាតបង់លើសពី១០៥លានផោនក្នុងរយៈពេល៣ឆ្នាំដែលជាអតិបរមាអនុញ្ញាត។ ពួកគេបានលក់ប្រធានក្រុម Ruben Neves ទៅឱ្យក្រុម Al-Hilal អារ៉ាប៊ីសាអ៊ូឌីត ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប៤៧លានផោនក្នុងខែមិថុនា ហើយថែមទាំងអនុញ្ញាតឱ្យខ្សែប្រយុទ្ធម៉ិកស៊ិក Raul Jimenez ចូលរួមជាមួយ Fulham ក្នុងតម្លៃ៥លានផោនកាលពីខែមុន ដោយកីឡាករចំណូលថ្មីតែមួយគត់គឺ ខ្សែការពារសញ្ជាតិអៀរឡង់ Matt Doherty ត្រឡប់ជាកីឡាករមិនមានតម្លៃផ្ទេរក្នុងខែកក្កដា។
នាយកផ្នែកកីឡាលោក Matt Hobbs បានថ្លែងអំណរគុណដល់លោក Julen និងបុគ្គលិករបស់គាត់សម្រាប់ការលះបង់របស់ពួកគេ ដោយបន្ថែមថា “ខណៈដែលមហិច្ឆតារបស់យើងគឺចង់ផ្លាស់ប្តូរទៅកាន់រដូវកាលថ្មីជាមួយគ្នា វាគឺជាចំណេះដឹងសាធារណៈដែលថា មានមតិខុសគ្នាលើប្រធានបទសំខាន់ៗមួយចំនួន ហើយវាត្រូវបានយល់ព្រម។ ដោយគ្រប់ភាគីទាំងអស់ថា វាជាការល្អបំផុតក្នុងការបែងចែកផ្លូវមុនយុទ្ធនាការថ្មី។ បន្ទាប់ពីជោគជ័យមុនរដូវកាល ពោរពេញទៅដោយការខិតខំប្រឹងប្រែង និងការសម្តែងដ៏ល្អលោក Julen និងបុគ្គលិករបស់គាត់បានចាកចេញពីក្រុមក្នុងទម្រង់លេងដ៏អស្ចារ្យមុនរដូវកាលបើករដូវកាលនៅសប្តាហ៍ក្រោយ ដែលនឹងផ្តល់ឱ្យអ្នកស្នងតំណែងរបស់គាត់នូវវេទិកាដ៏ល្អបំផុតសម្រាប់ភាពជោគជ័យ”៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)