ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ជិះម៉ូតូឌុបគ្នាដើម្បីធ្វើសកម្មភាពលួចកន្ទុយរ៉ឺម៉ករបស់ប្រជាពលរដ្ឋ តែលួចពុំទាន់បានសម្រេចផងបែរជាបានសម្រេចជាប់ខ្នោះរបស់នគរបាលប៉ុស្តិ៍រដ្ឋបាលដើមមៀនទៅវិញ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២និង១០នាទី រំលងអធ្រាត្រ នៅចំណុចតាមផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា ជនសង្ស័យ០២នាក់ ១-ឈ្មោះ សឺង ហន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។ ២-ឈ្មោះ ម៉ីន យ៉ាំងប៊ែ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+) ធ្លាប់ជាប់ពន្ធនាគារចំនួន២ឆ្នាំ ករណីលួច។
វត្ថុតាងចាប់យក៖
-កន្រ្តៃធំសម្រាប់កាត់ដែកចំនួនមួយ
-ម៉ូតូមួយគ្រឿងម៉ាក Honda សេ125 ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១I-៤៦៩២។
ប្រភពដដែលបន្តថា កាលពីវេលាកើតហេតុខាងលើមានជនសង្ស័យ២នាក់ បានជិះម៉ូតូ០១គ្រឿងដើរធ្វើសកម្មភាពប៉ុនប៉ងលួចកាត់កន្ទុយរ៉ឺម៉ករបស់ប្រជាពលរដ្ឋតាមដងផ្លូវ ជួនពេលនោះបានជួបកម្លាំងនគរបាលប៉ុស្តិ៍ដើមមៀនចុះល្បាតមានការសង្ស័យក៏ឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានដើម្បីសាកសួរ។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានឱ្យដឹងថា ពួកគេទាំង២នាក់ពិតជាបានយកកន្ត្រៃកាត់ដែកធំជិះម៉ូតូដើររកកាត់កន្ទុយរ៉ឺម៉ករបស់ប្រជាពលរដ្ឋនៅតាមផ្លូវប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ ស្អាងជ័យ