ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជនសង្ស័យចំនួន០៤នាក់រួមនិងវត្ថុតាង ត្រូវបាន កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពបតាងួន និងបានបន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វខេត្តក្រចេះ ធ្វើការបង្រ្កាបឃាត់ខ្លួនបាន។
ប្រតិបត្តិការ នេះធ្វើឡើងកាលពីវេលា ម៉ោង ១១ និង ០០ នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោក ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមបានមានប្រសាសន៍ឱ្យដឹងថា ករណីនេះបន្ទាប់ពីសមត្ថកិច្ចជំនាញយើងបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា មានមុខសញ្ញាជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ហើយបានការឯកភាពពីលោក វង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។
ពេលនោះកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពតាងួន បានបន្តសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ នៃអធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វខេត្តក្រចេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានចុះទៅដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ០៤នាក់ ៖
១.ឈ្មោះ សេង វាសនា ហៅ មាស ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ជាមុខសញ្ញាមានថ្នាំញៀនចំនួន០៩កញ្ចប់។
២.ឈ្មោះ យឿន តៃវ៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
៣.ឈ្មោះ ស្រឿន សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។
៤.ឈ្មោះ សួន ណារ៉ុម ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ត្រីស្នងការ បានបញ្ជាក់អោយដឹងថា ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១០កញ្ចប់មានទម្ងន់ ៦៤៤.៦៣ក្រាមទាំងសំបក, ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងជញ្ជីងអេឡិចត្រូនិចចំនួន ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ ៖ វណ្ណៈ