ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់យកដុំថ្មគប់ក្បាលអ្នកដំណើរ រួចលួចម៉ូតូជិះគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ជិះម៉ូតូពេលយប់ស្ងាត់តែម្នាក់ឯង ត្រូវបានក្រុមជនសង្ស័យ៤នាក់ជិះម៉ូតូដេញតាមរួចយកដុំថ្មគប់បណ្ដាលឱ្យរងរបួសយ៉ាងដំណំ រួចយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោល ។ ករណីលួចមានស្ថានទម្ងន់ទោសនេះបានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​០៣និង៣០នាទីទៀបភ្លឺ នៅចំណុចមុខអនុវិទ្យាល័យ​អរិយក្សត្រ​ ស្ថិតនៅភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ក្រុងអរិយក្សត្រ។ 

មន្ត្រីនគរបាលក្រុងអរិយក្សត្របានឱ្យដឹងថា ជនរងគ្រោះឈ្មោះ​ រស់​ វឌ្ឍនា​ ភេទប្រុស​ អាយុ២៧ឆ្នាំ​ ជនជាតិខែ្មរ​ មុខរបរ​ពេទ្យសត្វ មានទីលំនៅបច្ចុប្បន្ន​ ភូមិបារាជ​ សង្កាត់ស្វាយជ្រុំ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​ ។ ចំណែកជនសង្ស័យ០៤នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ (សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ)។ សម្ភារបាត់បាត់បង់មាន ១.ម៉ូតូម៉ាក​ Honda Scoopy​ ពណ៌ស​លាយផ្កាឈូក​ ផលិតឆ្នាំ២០២២​ ពាក់ផ្លាកលេខ​ 1JM-8242  ចំនួន​០១គ្រឿង។ 

ប្រភពដដែលបន្តថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣​ វេលាម៉ោង​ ០៣និង០០នាទីទៀបភ្លឺ​ ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនម៉ាក​ Honda Scoopy​ ពណ៌ស​លាយផ្កាឈូក​ ផលិតឆ្នាំ២០២២​ ពាក់ផ្លាកលេខ​ 1JM-8242  ចេញពីរាជធានីភ្នំពេញ​បំណងទៅផ្ទះនៅក្នុងបុរីទួលសង្កែ​ ដោយជិះឆ្លងតាមកំពង់ចម្លងអរិយក្សត្រ​។ លុះពេលធ្វេីដំណេីរដល់មុខវត្តពេជ្រម្តុដ​ ស្ថិតក្នុងភូមិអរិយក្សត្រ​នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺក៏ជួបជនសង្ស័យចំនួន​០៤នាក់​ជិះម៉ូតូចំនួនពីរគ្រឿង​ ម៉ាកHonda Dream ពណ៌ខ្មៅ​ មិនចាំផ្លាកលេខ​ និងម៉ូតូ១គ្រឿងទៀតម៉ាក​ Suzuki  Nex ពណ៌ស នៅឈប់​លេីផ្លូវក្បែររបងវត្ត ដោយឃេីញជនរងគ្រោះជិះម៉ូតូម្នាក់ឯង​ ទេីបក្រុមជនសង្ស័យជិះម៉ូតូដេញតាមស្ទាក់ពីមុខម៉ូតូជនរងគ្រោះអោយឈប់​នៅចំណុចមុខសាលាអនុវិទ្យាល័យអរិយក្សត្រ​ ស្ថិតក្នុងភូមិអរិយក្សត្រ​ សង្កាត់អរិយក្សត្រ​ ក្រុងអរិយក្សត្រ​ ខេត្តកណ្តាល​ ហេីយបានដកកាំភ្លេីងខ្លីភ្ជង់ជនរងគ្រោះទារយកតេឡេសោម៉ូតូ​ តែជនរងគ្រោះមិនអោយរួចព្យាយាមបន្តជិះទៅមុខទៀតក៏ត្រូវជនសង្ស័យយកដុំថ្មមកវាយក្បាលចំខាងក្រោយ​ចំនួនពីរដង​បណ្តាលអោយបែកក្បាលទេីបជនរងគ្រោះ​ចុះពីលេីម៉ូតូហេីយដកតេឡេម៉ូតូអោយក្រុមជនសង្ស័យ​ ពេលបានតេឡេហើយជនសង្ស័យក៏បានឡេីងជិះម៉ូតូគេចទៅបាត់​ ដោយមិនច្បាស់ថាក្រុមជនសង្ស័យជិះគេចខ្លួនទៅខាងណានោះទេ។ 

​បច្ចុប្បន្ន​កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវស្វែងរកមុខសញ្ញាដេីម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ស្អាងជ័យ


ចែករំលែក៖