ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលទើបទទួលបាននៅព្រឹកថ្ងៃអង្គារទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ផែនការណែនាំដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទានឲ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា។
ជាក់ស្ដែងយោង ព្រះរាជក្រឹត្យលេខ នស/រកត ០៨០៥/៣៥៤ ចុះថ្ងៃទី ៥ ខែសីហា ឆ្នាំ២០០៥ ស្តីពីការកែសម្រួល គណៈកម្មការអចិន្ត្រៃយ៍រៀបចំបុណ្យជាតិ-អន្តរជាតិ ទៅជាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
-អនុក្រឹត្យលេខ ១៦៦ អនក្រ-បក ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២២ ស្តីពីប្រតិទិនឈប់សម្រាក ការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៣។
-សារាចរណែនាំ សម្រាប់អនុវត្តជាអចិន្ត្រៃយ៍ លេខ ០៩ សរណន ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០០៣ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំចាត់តាំងព្រះរាជពិធីបុណ្យទ្វាទសមាស បុណ្យប្រពៃណីជាតិ ប្រពៃណីសាសនា បុណ្យជាតិ-បុណ្យអន្តរជាតិ។
*បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ ពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូន ជីតា | គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់ លោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឳពុកម្តាយ បងប្អូនញាតិមិត្ត សាច់សាលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ រវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើនបាននូវសាមគ្គីភាពដ៏ទូលំទូលាយផង។
ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
*បុណ្យកឋិនទាន ជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែលក្នុង មួយឆ្នាំមានតែម្ដង មានរយៈពេលកំណត់ត ២៩ថ្ងៃដោយវត្តមួយទទួលបានតអង្គកឋិនមួយ ជាទាន មានផលានិសង្សខ្ពស់ទាំងទាយកទាយិកា និងទាំងបដិគ្គាហកៈ ជាទីជ្រះថ្លា និងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាពអាចនឹងទទួល បាននូវសម្ភារថវិកា សម្រាប់បម្រើការកសាងទីសេនាសនៈនៅក្នុងវត្ត មានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភ ដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចថែមទៀត។
ឆ្នាំនេះ កឋិនទាន នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត ខែកត្តិក ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែងបានផ្ដល់ឱកាសប្រគេនព្រះសង្ឃ ជូន ពុទ្ធបរិស័ទបំពេញកុសលតាមសទ្ធាជ្រះថ្លា ជូនបុត្រធីតា បងប្អូន សិស្ស និស្សិត មន្ត្រីរាជការ និងប្រជារាស្ត្រខ្មែរ ទាំងក្នុង និងក្រៅប្រទេស មានលទ្ធភាពធ្វើបដិការគុណ គោរពតបស្នងសងគុណមាតាបិតា ជីដូនជីតា អាណាព្យាបាល គ្រូឧបជ្ឈាយាចារ្យ តាមជំនឿ និងបានរួមចំណែកថែរក្សានូវប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌ អរិយធម៌ ដែលជាអត្តសញ្ញាណដ៏ថ្លៃថ្លារបស់ជាតិឱ្យបានគង់វង្ស។ ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ ប្រពៃណី
ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖
១-គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរ ខាងលើឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការ ក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាមឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំង បានជួបជុំឳពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា។
-ត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក សហគ្រាស សាលារៀន តាមសួនច្បារទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។
២-ក្រសួងធម្មការ និងសាសនា ធ្វើសេចក្ដីណែនាំលម្អិតជូនគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី ខេត្ត យកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទាន និងរៀបចំបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធជនរួមជាតិ និងបុព្វបុរស ដែលបានពលី ក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណីព្រះពុទ្ធសាសនា ព្រមទាំងរម្លឹកគ្រប់វត្ដអារាម ឱ្យរៀបចំសម្អាត បូជនីយដ្ឋាន ស្តូប កន្លែងតម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បី អបអរសាទរតាមប្រពៃណីព្រះពុទ្ធសាសនា។
៣-អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកផ្តួចផ្ដើមបុណ្យកឋិនទាន ត្រូវធ្វើការណែនាំ និងអប់រំយុវជន យុវនារី កុមារា កុមារី ព្រមទាំងសមាសភាពផ្សេងៗទៀត ដែលចូលរួមដង្ហែអង្គកឋិនទាន ឱ្យបានយល់ដឹងនូវខ្លឹមសារនៃពិធី បុណ្យដ៏ឧត្ដុង្គឧត្តមនេះ ហើយធ្វើខ្លួនឱ្យស័ក្តិសមជាពុទ្ធសាសនិកជនដ៏ល្អពិតប្រាកដ ដោយមិនបង្កសកម្មភាព នាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ដូចជាការគប់ស្បោងទឹក ជះទឹក គប់អំពៅ គប់ផ្លែឈើ និងគប់ វត្ថុរឹងផ្សេងៗ ធ្វើឱ្យខូចរបៀបរៀបរយ បាត់សណ្ដាប់ធ្នាប់សង្គម និងអាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ ផ្សេងៗ ជាយថាហេតុ។
៤- ក្រសួងព័ត៌មាន រៀបចំកម្មវិធីឱ្យបណ្ដាញឃោសនាទាំងអស់មាន វិទ្យុ ទូរទស្សន៍ជាតិ និងឯកជន អ្នកយកព័ត៌មាន តាមដានស្វែងយល់ស្រាវជ្រាវប្រវត្តិខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី និងអំពី របៀបរបបស្លៀកពាក់ ក៏ដូចជាអាកប្បកិរិយា ដែលត្រូវប្រកាន់យកក្នុងពេលចូលរួមពិធីបុណ្យនេះ ជាពិសេស នៅក្នុងទីវត្តអារាម និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងរយៈពេលប្រារព្ធពិធីបុណ្យទាំងពីរខាងលើ។
៥- គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំកម្មវិធីចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ ដែលកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង ដោយអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារថវិកា។
៦- ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បង្កលក្ខណៈល្អប្រសើរប្រគេនព្រះសង្ឃ ជូនពុទ្ធបរិស័ទ បំពេញកុសលតាមសទ្ធាជ្រះថ្លា និងធានាបានសុវត្ថិភាពក្នុងពិធីបុណ្យទាំងពីរខាងលើ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត នឹងអនុវត្តតាមស្មារតីនៃផែនការណែនាំនេះ ឱ្យបានសម្រេចលទ្ធផលល្អ ប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង៕
ខាងក្រោមនេះជាសេចក្ដីណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ៖
ដោយ៖សហការី