ព័ត៌មានទាន់ហេតុការណ៍៖

សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ​! កម្មករកាត់ដេរ​ ចង់បានប្រាក់ឈ្នួលអប្បបរមាដំឡើងបន្ថែមចំនួន ១០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០២៣ស្អែកនេះ​ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកកិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា​នោះ កម្មករ កម្មការិនីវិស័យកាត់ដេរ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ចង់ឱ្យប្រាក់ឈ្នួលអប្បបរមាដំឡើងដល់ ២១០ដុល្លារ ក្នុង១ខែសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ! ។ 

បើតាមការឱ្យដឹងពីសហជីពមូលដ្ឋាន និងជាកម្មកររោងចក្រខាងលើនេះ លោក ប៉ែន ឈុន នៅព្រឹកថ្ងៃអង្គារទី​១៥​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានរំពឹងទុកដែរថា ការ​ចចារប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៤ ​នឹងមានភាពល្អប្រសើរច្រើនជាងឆ្នាំកន្លងៗទៅ ដោយសារស្ថាន​ភាពកូវីដ១៩ មានភាពល្អប្រសើរជាងមុន​។ ការចចារប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ តួលេខដែលភាគីនីមួយៗ (ភាគីរដ្ឋាភិបាល សហជីព និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ​៧ចំណុច​ ក្នុងនោះមានស្ថានភាព​គ្រួសារ ​អត្រាអតិផរណា ការ​ចំណាយ​ក្នុង​ការ​រស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស​ ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញ​របស់វិស័យ។

ជាមួយគ្នានេះ​ កម្មករ កម្មការិនីរោងចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួននៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ​ក៏បា​នលើកឡើងថា​ ដំឡើង​ ១០ដុល្លារ​បន្ថែមនេះ ដោយសារការចំណាយប្រចាំថ្ងៃ​ និងទំនិញគ្រប់ប្រភេទចេះតែឡើងថ្លៃដូចគ្នា ដែលធ្វើឲ្យការចាយវាយរបស់ពួកគាត់ត្រូវត្បិតត្បៀត។ រាល់ថ្ងៃនេះ ប្រសិនបើប្រាក់ឈ្នួលខ្ពស់ គួបផ្សំ​មានការងារថែមម៉ោងទៀតនោះ ​នឹងល្អប្រសើរច្រើន​ ដើម្បីឲ្យពួកគាត់​ផ្គត់ផ្គង់​ក្នុងការ​ចំណាយ និង​សល់ប្រាក់ខ្លះ ​ដើម្បីដោះបំណុល​ និងផ្ញើទៅ​សាច់ញាតិ​រស់នៅស្រុកកំណើត។

គួរបញ្ជាក់ថា​ គិតត្រឹមឆ្នាំ២០២៣នេះ កម្មករ​និយោជិត​ដែល​បំពេញការក្នុងវិស័យឧស្សាហកម្ម​កាត់ដេរ​មានចំនួន ​២០០ដុល្លារអាម៉េរិក។​ ក្នុងនោះគិតជាមធ្យម បូកទាំងប្រាក់ឈ្នួលអប្បបរមា​ ប្រាក់ថែមម៉ោងការងារ និងប្រាក់ឧបត្ថម្ភផ្សេងៗ​ទៀត កម្មករនិយោជិតម្នាក់​ អាចទទួលប្រាក់ខែចន្លោះ ២៥០ទៅ៣០០ដុល្លារ ឬឈាន​ដល់​៣៥០ដុល្លារ ​នៅ​ក្នុង​មួយខែៗ៕

ដោយ​៖ សហការី​


ចែករំលែក៖