ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹម​រយៈពេល​២២៧ថ្ងៃ! សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀនបានជិតពីរតោនកន្លះ និងឃាត់មនុស្សបានជាងមួយម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ​៖​ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក មាស វិរិទ្ធ បានឱ្យដឹងនៅថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ គិត​ត្រឹម​រយៈពេល​ ២២៧ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចបង្រ្កាបគ្រឿងញៀនបានជិតពីរតោនកន្លះ និងឃាត់ជនសង្ស័យ បានជាងមួយម៉ឺននាក់។ 

អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ រយៈពេល២២៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រ ឆាំងគ្រឿងញៀន រួមសហកាគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ចាប់បានសារធាតុញៀនជិតពីរតោនកន្លះ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១១៣៦៥នាក់ ខណៈជាងពីរពាន់នាក់បញ្ជូនទៅកាន់តុលាការ។ 

គួរជម្រាបជូនថា​ ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ លោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមក សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដូចជា៖

បង្ក្រាបតាមច្រកប្រៃសណីយ៍, អាកាសយានដ្ឋានអន្តរជាតិ និងថ្មីៗនេះបង្ក្រាបក្រុមឧក្រិដ្ឋជន មេក្លោងមានអង្គការចាត់តាំង ដែលរៀបចំការដឹកជញ្ជូនគ្រឿងញៀនប្រភេទកេតាមីន ឆ្លងដែនតាមលំហរសមុទ្រទៅប្រទេសទី៣ សរុបគ្រឿងញៀនបង្ក្រាបបានប្រមាណ ៨០០គីឡូក្រាម គិតជាទឹកប្រាក់ប្រមាណជាង៥០លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណចំនួន ០៣លើករួចមកហើយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរ(DEA) និងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលបង្ហាញពីស្នាដៃប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនដ៏ធំធេង និងស្តែងចេញនូវឆន្ទៈ មោះមុតរបស់មន្ត្រីអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ក្នុងការទប់ស្កាត់ការចរាចរគ្រឿងញៀនក្នុងពិភពលោក។ 

ទន្ទឹមនឹងនេះដែរ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណដល់៖ 

* ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ក៏ដូចជាស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិដ៏ទៃទៀត ដែលបានរួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀន សំដៅរក្សាសុខមាលភាព និងសន្តិសុខដល់សង្គមជាតិទាំងមូល។

* សាធារណៈជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»៕

ដោយ​៖ សហការី​


ចែករំលែក៖