សារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា តុលាការធម្មនុញ្ញនៃប្រទេសថៃនាថ្ងៃពុធនេះបានសម្រេចបដិសេធចំពោះសំណើរបស់គណបក្ស Move Forward ដែលចង់ឱ្យមានការត្រួតពិនិត្យឡើងវិញទៅលើការសម្រេចចិត្តរបស់សភានាពេលកន្លងមកនេះ ដែលបានរារាំងមិនឱ្យបេក្ខជនរបស់ខ្លួនអាចត្រូវបានឈរឈ្មោះសាជាថ្មីជានាយករដ្ឋមន្រ្តី។
ការសម្រេចខាងលើរបស់តុលាការធម្មនុញ្ញថៃនាពេលនេះ គឺជាការរំលាយទាំងស្រុងនូវក្តីសង្ឃឹមរបស់គណបក្ស Move Forward ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ហើយវាបើកផ្លូវដើម្បីឱ្យសភាថៃរៀបចំការបោះឆ្នោតថ្មីមួយទៀត ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តី ដែលបើឆាប់បំផុតគឺអាចធ្វើឡើងក្នុងសប្តាហ៍នេះតែម្តង។
គិតតាំងពីពេលរំលាយសភា មកទល់នឹងពេលនេះ ប្រទេសថៃបានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈពេល៥ខែហើយ ស្របពេលដែល Move Forward ដែលជាបក្សឈ្នះបានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកលមិនអាចបង្កើតរដ្ឋាភិបាលថ្មីបាន បន្ទាប់ពីមេដឹកនាំរបស់ខ្លួន គឺលោក ភីថា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) ត្រូវបានបដិសេធមិនឱ្យក្លាយជានាយករដ្ឋមន្រ្តី ដោយសារតែក្រុមសមាជិករដ្ឋសភាអភិរក្សនិយម និងសមាជិកព្រឹទ្ធសភាដែលមានទំនាក់ទំនងជាមួយយោធា។
តុលាការធម្មនុញ្ញថៃ បាននិយាយថា ខ្លួនបានបដិសេធទទួលយកសំណុំរឿងខាងលើ គឺដោយសារវាត្រូវបានដាក់មកដោយបុគ្គលមួយក្រុមមានគ្នា២០នាក់ ដែលមិនរួមមានបេក្ខជននាយករដ្ឋមន្រ្តី គឺលោក ភីថា ផ្ទាល់ឡើយ។ តុលាការបានបន្តថា សិទ្ធិរបស់ពួកគេគឺមិនត្រូវបានរំលោភបំពានទេ ដូច្នេះពួកគេគ្មានសិទ្ធិដាក់ពាក្យបណ្តឹងឡើយ ហើយតុលាការបានបន្ថែមថា ការសម្រេចចិត្តរបស់ខ្លួនត្រូវបានធ្វើឡើងដោយសំឡេងជាឯកច្ឆន្ទ។
ពាក្យបណ្តឹងខាងលើ ទាមទារចង់ឱ្យតុលាការធម្មនុញ្ញថៃផ្តល់សេចក្តីសម្រេចទៅលើភាពស្របច្បាប់នៃការសម្រេចចិត្តកាលពីថ្ងៃទី១៩ ខែកក្កដា ដោយក្រុមតំណាងរាស្រ្តថៃ ដែលបានរារាំងមិនឱ្យលោក ភីថា អាចត្រូវជ្រើសតាំងជាលើកទី២ សម្រាប់ការបោះឆ្នោតក្នុងសភា ដើម្បីជ្រើសរើសជានាយករដ្ឋមន្រ្តី បន្ទាប់ពីការបរាជ័យលើកទី១របស់លោកនៅមួយសប្តាហ៍មុននោះ។ បន្ទាប់ពីតុលាការធម្មនុញ្ញបានបដិសេធសំណុំរឿងរបស់ Move Forward រួចរាល់ហើយបែបនេះ សភាថៃត្រូវគេរំពឹងថា នឹងកំណត់កាលបរិច្ឆេទថ្មីដើម្បីបោះឆ្នោតរើសនាយករដ្ឋមន្រ្តី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខណៈដែលគណបក្ស ភឿថៃ (Pheu Thai) ដែលជាបក្សជាប់ចំណាត់ថ្នាក់ទី២ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា និងជាអ្នកដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ដោយជ្រើសតាំងបេក្ខជនរបស់ខ្លួន គឺមហាសេដ្ឋីអចលនទ្រព្យ លោក ស្រេតថា ថាវីស៉ីន (Srettha Thavisin) ជានាយករដ្ឋមន្រ្តី៕ ដោយ៖ ធីរីណា
រូបថត៖ Nikkei