ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ជ្រាបថា អគ្គិសនីកម្ពុជាបានសាងសង់ខ្សែបណ្តាញអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង ៣៥គីឡូវ៉ុលតាមតំបន់ភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង រួមមានខ្សែបណ្ដាញអាកាស និងខ្សែកប់ក្រោមបាតសមុទ្រ ឆ្លងកាត់ កោះទទឺង កោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ កោះស្រមោច កោះម្នាស់ កោះតាទាម និងកោះរ៉ុង ដោយបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកថ្មីៗនេះ។ ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្សែបណ្តាញអគ្គិសនី ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលខេត្ត ព្រះសីហនុ សូមជូនដំណឹងដល់សាធារណជន ពិសេសម្ចាស់នាវាគ្រប់ប្រភេទ រួមមាន ទូក កាណូត កប៉ាល់ សាឡង់ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តាកោះមួយចំនួនដូចខាងលើក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង ហាមបោះយុថ្កានៅទីតាំងគន្លងខ្សែ និងរក្សាគម្លាតប្រមាណ ២០០ម៉ែត្រ ពីគន្លងខ្សែកប់ក្រោមសមុទ្រ។ សូមពិនិត្យគំនូសប្លង់ហាមធ្វើការនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្តាញអគ្គិសនីកប់ក្រោម បាតសមុទ្រដែលបានភ្ជាប់មកជាមួយ ឱ្យបានច្បាស់លាស់មុននឹងបោះយុថ្កា។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទូទៅមេត្តាជ្រាប និងជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៕
ដោយ ៖ សហការី