ភ្នំពេញ ៖ «ក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង៧៣កន្លែង»នេះជាការផ្សព្វផ្សាយនៅក្នុងពិធី«ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ»ក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ និង លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។
ថ្លែងទៅកាន់អង្គពិធី លោកស្រីបណ្ឌិតសភាចារ្យ ភឿង សក្ខណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងសិល្បៈ បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណង ចូលរួមថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹកតាងប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតាបុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។
តាមរយៈការគូសបញ្ជាក់ពី លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន និងតំណាងអោយក្រុមការងារសមិទ្ធិផលដ៏ត្រចះត្រចង់ និងមានសារប្រយោជន៍ដល់សង្គមជាតិ ដល់ការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ និងមរតកវប្បធម៌ឱ្យបានគង់វង្ស អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែគំនិត ផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ការចង្អុលបង្ហាញ និងការណែនាំរបស់ លោករដ្ឋមន្ត្រីសាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវ និង តម្កល់ ផលប្រយោជន៍ជាតិជាធំ។
ជាលទ្ធផល នៅក្នុងចំណោមតំបន់ការពារធម្មជាតិទាំង៧៣កន្លែង ក្រុមការងារបានរកឃើញតំបន់ ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូលតំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរព្រៃគុក ដែលមានព្រះរាជក្រឹត្យនិងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។ សំខាន់ជាងនេះទៅទៀត ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើ មានចំនួនកើនឡើង បើប្រៀបធៀបជាមួយទិន្នន័យដែលបាន ស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (Ecole Francaise Extreme- Orient) ។ ជាក់ស្តែង ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌវប្បធម៌ ដែលមាន ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» មានចំនួនរហូតដល់ទៅ១០៦៩កន្លែង។
គួរបញ្ជាក់ថា : នៅអាណត្តិទីមួយនៃព្រះរាជាណាចក្រកម្ពុជាទី២ រាជរដ្ឋាភិបាលបានបង្កើតតំបន់ការពារធម្មជាតិចំនួន២៣កន្លែង តាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។ ប៉ុន្តែ នេះមិនមែនមានន័យថា ព្រះរាជាណាចក្រកម្ពុជាទើបចាប់ផ្តើមបង្កើតតំបន់ការពារធម្មជាតិនោះទេ។ ជាអាទិ តំបន់អង្គរ ធ្លាប់មានងារជាឧទ្យានជាតិតាំងពីឆ្នាំ១៩២៥មកម៉្លេះ ដែលជាតំបន់ការពារធម្មជាតិទី១នៅកម្ពុជា ហើយក៏ជាតំបន់ការពារធម្មជាតិទី១នៅអាស៊ីអគ្នេយ៍ផងដែរ៕
ដោយ ៖ សហការី