ភ្នំពេញ ៖ បុរសជនជាតិវៀតណាម២នាក់ ផឹកស៊ីសុខៗស្រាប់តែមានជម្លោះពាក្យសម្តីគ្នា ដោយភាគីបុរសជាជនរងគ្រោះ បានហៅភាគីជនបង្កនិងជាជនដៃដល់ឡើងទៅលើជាន់ទី៣ រួចក៏វាយប្រតាយប្រតប់គ្នាឈានដល់យកកាំបិតចាក់ទៅលើបុរសរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ពេលដឹកដល់មន្ទីរពេទ្យមួយកន្លែង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១៧ខែសីហាឆ្នាំ ២០២៣ នៅចំណុចក្នុងបុរីព្រែកតាសេក ផ្លូវបេតុងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះដែលឃើញហេតុការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានឃើញបុរសជនជាតិវៀតណាមមួយក្រុមបានអង្គុយផឹកស៊ីជុំគ្នា នៅក្នុងបុរីព្រែកតាសេកមួយកន្លែង។ ក្រោយមកស្រាប់តែឮសូសំឡេងប្រកែកគ្នាខ្លាំងៗ និងកើតជាជម្លោះពាក្យសម្តី ធ្វើឱ្យភាគីខាងជនរងគ្រោះបានហៅភាគីបុរសជនបង្កនឹងជាជនដៃដល់ឡើងទៅជាន់ទី៣ ហើយក៏បានវាយប្រតាយប្រតប់គ្នាផ្អើលពេញក្នុងបុរី។ ក្រោយមកក៏ឃើញភាគីជនរងគ្រោះបានរត់ចុះមកខាងក្រោមវិញ ដោយនៅលើដងខ្លួននិងមុខប្រឡាក់សុទ្ធតែឈាម ហើយភា្លមនោះដែរ អ្នករស់នៅជាមួយគ្នាក៏បានបាញ់ទឹកលាងឈាម បន្ទាប់មកបានទាក់ទងទៅរថយន្តសាមុយឯកជនមួយកន្លែងដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ តែដោយសារសភាពរបួសធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយកើតហេតុសន្តិសុខប្រចាំនៅក្នុងបុរីព្រែកតាសេកបានរាយការណ៍ទៅថ្នាក់លើ និងសមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ផងដែរ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ឃាត់បានជនដៃដល់ ចំណែកឯមនុស្សប្រុសស្រីចំនួន៨នាក់ទៀតសមត្ថកិច្ចឃាត់យកទៅសួរនាំ។ រួចសមត្ថកិច្ចយើងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខាងកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យចុះមកទីតាំងកើតហេតុ ដើម្បីពិនិត្យទៅលើសព។ ក្រោយពីខាងជំនាញពិនិត្យរួចក៏បានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ ដោយសារតែស្នាមកំបិតចាក់ប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពឱ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជ្រោយពេជ្រ