ភ្នំពេញ៖ ករណីផ្ទុះហ្គាសក្នុងផ្ទះល្វែងនៃបុរីមួយកន្លែង ដែលស្ថិតនៅផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ៧និង២៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញទៅជួយធ្វើអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុដើម្បីកុំឱ្យមានការឆេះរាលដាលបន្តទៅផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរៗនៃទីតាំងកើតហេតុខាងលើ។
ក្នុងហេតុការណ៍ផ្ទុះធុងហ្គាសខាងលើនេះបណ្តាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្រ្គោះ តែជាអកុសលជនរងគ្រោះខាងលើបានថប់ដង្ហើមស្លាប់ពេលទៅដល់មន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុកម្លាំងមូលដ្ឋានប៉ុស្តិ៍នគរបាលអូរបែកក្អមសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខនិងកម្លាំងជំនាញការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យសពនិងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។
លោកគួច សុភា អធិការរងនគរបាលខណ្ឌសែនសុខបានបញ្ជាក់ឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ GUAN PENGZHI ភេទប្រុស អាយុ៤១ឆ្នាំជនជាតិចិនមុខរបរទេសចរ កាន់លិខិតឆ្លងដែនលេខ EA២៧០៥៣១៥ ស្នាក់នៅកន្លែងកើតហេតុ។
លោកអធិការរងនគរបាលខណ្ឌបានឱ្យដឹងបន្តទៀតថា មូលហេតុយោងតាមការបំភ្លឺរបស់អ្នកស្នាក់នៅជាមួយជនរងគ្រោះមិនចេះប្រើសម្ភារនិងចង្ក្រានហ្គាសទើបបណ្តាលអោយផ្ទុះឆេះបែបនេះ។ ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថាសពពិតជាស្លាប់ដោយសាររលាកភ្លើងនិងថប់ដង្ហើមដោយសារផ្ទុះធុងហ្គាសពិតប្រាកដមែន។
សពជនរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ចន្ទ លីហ្សា