ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់អត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលមន្ត្រីនគរបាលស្រុកសំរោងព្យាយាមលាក់បាំងនោះហើយ

ចែករំលែក៖

ខេត្តតាកែវ ៖ ក្រោយមជ្ឍមណ្ឌលព័ត៌មាន«នគរវត្ត»ផ្សាយរឿងគ្រោះ ថ្នាក់ចរាចរណ៍នៅស្រុកព្រៃកប្បាស តែជនបង្កនៅក្រៅសំណាញ់ច្បាប់ដោយសារតែមានមន្ត្រីនគរបាល២នាក់នៅស្រុកសំរោងជាអ្នកកាងកប់ក្លៀកនោះរួចមក ឥឡូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណជនបង្កហើយ។

យោងតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ជនបង្កគ្រោះថ្នាក់ចរាចរណ៍នោះឈ្មោះ ឈន សម្បត្តិ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចណ៍មួយកើតឡើងនៅវេលាម៉ោង២២និង៥៥នាទីថ្ងៃទី២២ខែមីនាឆ្នាំ២០២៣ លើកំណាត់ផ្លូវលេខ១២៩ចំណុចគីឡូម៉ែត្រលេខ១០និងលេខ១១ ស្ថិតក្នុងឃុំតាំងយ៉ាប រវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នាពីលិចទៅកើត។ ប្រភពបានឲ្យដឹងថារថយន្តបង្កម៉ាក(kea morning)ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពង់ចាម2A-5218 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកើតហេតុជនបង្កបានបើករថយន្តយកទៅទុកនៅផ្ទះលោកឌៀប មករា ជាមន្ក្រីនគរបាលនៅស្រុកសំរោង។ 

ចំណែកអ្នកបើកម៉ូតូជាជនរងគ្រោះឈ្មោះ នូន រតនា ភេទ ប្រុសអាយុ២៧ឆ្នាំរស់នៅ ភូមិស្នូលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសបាក់ជើងទាំងសងខាង។

តាមសម្តីជនរងគ្រោះបានសម្ដែងការហួសចិត្តក្នុងសំណុំ រឿងនេះដោយក្រោយកើតហេតុ គឺមានមន្រ្តីនគរបាលស្រុកសំរោង២នាក់ ដោយម្នាក់ឈ្មោះ លោក ឌៀប មករាជាមន្រ្តីនគរបាលស្រុកសំរោងមានតួនាទីនាយផ្នែកព្រហ្ម ទណ្ឌមិនបានសហការជាមួយមន្រ្តីជំនាញចរាចរណ៍ស្រុកព្រៃកប្បាសនោះទេដោយព្យាយាមជួយលាក់អត្ត សញ្ញាណជនបង្ក។

ជនរងគ្រោះបានបន្តទៀតថា ក្រោយកើតហេតុក៏មានមន្រ្តីនគរបាល១រូបទៀតឈ្មោះ ឌឹម សាញ មានតួនាទីជាអធិការរងនគរបាលស្រុករវៀងទទួលបន្ទុកគ្រឿងញៀនចេញមុខយកឯកសារថយន្តរបស់ជនបង្កមកអោយខាងជនរងគ្រោះដោយបង្ខំឲ្យខាងជនរងគ្រោះទទួលយករថយន្តរបស់ជនបង្ក ដើម្បីបញ្ជប់រឿងតែភាគីរងគ្រោះមិនទទួលយក។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះមន្រ្តីជំនាញបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្ត តាកែវរួចហើយ។ ភាគីជនរងគ្រោះសំណូមពរលោកស្នង ការនគរបាលខេត្តតាកែវមេត្តាជួយបំភ្លឺចំពោះមន្ត្រីនគរបាល២រូបដែលចេញមុខមកពាក់ព័ន្ធក្នុងសំណុំរឿងខាងលើដោយសេចក្តីអនុគ្រោះ។ រីឯអត្តសញ្ញាណជនបង្កក៏ត្រូវបានកំណត់រួចហើយដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖