គ្រូបង្វឹកលោក Jorge Jesus បាននិយាយថា ខ្សែបម្រើស្លាបប្រេស៊ីល Neymar ប្រហែលជាត្រូវរង់ចាំរហូតដល់ខែកញ្ញា ដើម្បីបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Al-Hilal របស់អារ៉ាប៊ីសាអ៊ូឌីត ដោយសារតែរបួស។
Neymar បានចូលរួមជាមួយ Al-Hilal ពីក្លិប Paris St Germain កាលពីថ្ងៃអង្គារសប្តាហ៍មុនក្នុងកិច្ចសន្យារយៈពេល២ឆ្នាំដែលប្រព័ន្ធផ្សព្វផ្សាយបារាំងបានផ្សាយថា ការផ្ទេរកីឡាករវ័យ៣១ឆ្នាំរូបនេះមានប្រហែល១៦០លានអឺរ៉ូ (១៧៤លានដុល្លារ) ។
គ្រូបង្វឹកបានបន្តថា “Neymar គឺជាកីឡាករដែលមានគំនិតច្នៃប្រឌិត គាត់នឹងជួយយើងឱ្យប្រសើរឡើង ប៉ុន្តែគាត់មានរបួសបន្តិចនៅពេលនេះ ហើយខ្ញុំមិនដឹងថាពេលណាគាត់នឹងត្រលប់មកវិញទេ។ ប្រហែលជាគាត់នឹងរួចរាល់នៅពាក់កណ្តាលខែកញ្ញា”។ ពិធីនៅចំពោះមុខអ្នកទស្សនាចំនួន៦០,០០០នាក់នៅកីឡដ្ឋាន King Fahd International Stadium កាលពីថ្ងៃសៅរ៍។
កាមេរ៉ាដ្រូនបានហោះពីលើកីឡដ្ឋានរបស់ក្លិប Al-Hilal ហើយសរសេរថា “Neymar is Blue” មុនពេលដែលអតីតតារា Barcelona រូបនេះបានមើលក្រុមថ្មីរបស់គាត់ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ១–១ ដោយក្លិប Al-Fayha។
គ្រូបង្វឹកក្រុម Al-Hilal លោក Jesus ក៏បានសម្តែងការភ្ញាក់ផ្អើលផងដែរចំពោះការដាក់បញ្ចូល Neymar ក្នុងក្រុមប្រេស៊ីលសម្រាប់ការប្រកួតជម្រុះ World Cup ចំនួនពីរនៅខែក្រោយ។ លោក Jesus ថា “ខ្ញុំមិនដឹងថាតើក្រុមជម្រើសជាតិប្រេស៊ីលអាចហៅគាត់ដោយរបៀបណាទេគាត់មិនទាន់ត្រៀមខ្លួនទេ” ។
កីឡាករ Neymar មិនបានលេងឱ្យប្រេស៊ីលតាំងពី World Cup ឆ្នាំមុន ខណៈដែលគាត់ជាសះស្បើយពីរបួសកជើងកាលពីខែកុម្ភៈ ប៉ុន្តែគាត់ត្រូវបានគេបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតជម្រុះ World Cup ជាមួយបូលីវីនៅថ្ងៃទី៨ ខែកញ្ញា និងប៉ះប៉េរូ នៅ៤ថ្ងៃបន្ទាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)