ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់លោក-លោកស្រីម្ចាស់ទីតាំងអាជីវកម្មបញ្ចំ ទាំងអស់នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទួលគោក ចុះពិនិត្យ ទីតាំងអាជីវកម្មបញ្ចាំនៅក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ឃើញថា ទីតាំងអាជីវកម្មបញ្ចាំភាគច្រើនមាន លិខិតអនុញ្ញាតត្រឹមត្រូវពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬ ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ ប៉ុន្ត ទីតាំងខ្លះ លិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព ហើយទីតាំងខ្លះទៀត ពុំមានលិខិតអនុញ្ញាតទីតាំង អាជីវកម្មបញ្ចាំពីរដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បានពិនិត្យឃើញថា ទីតាំង អាជីវកម្មមួយចំនួនបានអនុវត្តខុសពីគោលការណ៍ និងលក្ខខណ្ឌផ្សេងៗរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ និងរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលបញ្ចាំរថយន្ត ម៉ូតូ និងសម្ភារៈមានតម្លៃផ្សេងៗ ដោយមិនមាន លិខិតស្នាមច្បាស់លាស់។
ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង កាត់បន្ថយបទល្មើសផ្សេងៗនៅក្នុងរាជធានីភ្នំពេញ ជាពិសេសអនុវត្តតាមគោលការណ៍និងលក្ខខណ្ឌផ្សេងៗ របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ សូមជូនដំណឹង និងណែនាំដល់លោក-លោកស្រីម្ចាស់ទីតាំង អាជីវកម្មបញ្ចាំទាំងអស់នៅរាជធានីភ្នំពេញ ដែលមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មផុតសុពលភាព និង ពុំមានលិខិតអនុញ្ញាតទីតាំងអាជីវកម្មពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវមកបំពេញបែបបទស្នើសុំលិខិតអនុញ្ញាត ទីតាំងអាជីវកម្មឱ្យបានរួសរាន់ ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់បិទទីតាំងអាជីវកម្មដែលផុតសុពលភាព និងពុំមានលិខិតអនុញ្ញាតមិនឱ្យធ្វើអាជីវកម្ម។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថាលោក-លោកស្រីម្ចាស់ទីតាំងអាជីវកម្មបញ្ចាំទាំងអស់នៅ រាជធានីភ្នំពេញ នឹងចូលរួមសហការ និងអនុវត្តសេចក្តីជូនដីយ៉ាងនេះឱ្យមានប្រសិទ្ធភាពខ្ពស់។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអង្គភាពជំនាញ ពាក់ព័ន្ធត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា