ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញគោលនយោបាយគន្លឹះ ដើម្បីបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធថ្មី

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងដាក់ចេញគោលនយោបាយគន្លឹះ ដើម្បីបន្តអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធថ្មី ។ 

សូមបញ្ជាក់ថា : តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រាជរដ្ឋាភិបាលនឹងបន្តដាក់ចេញនូវយុទ្ធសាស្ត្រ​ និងគោលនយោបាយគន្លឹះៗ សម្រាប់​បន្តអភិវឌ្ឍន៍សង្គម ​សេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍ រក្សាសមិទ្ធផលចាស់​បង្កើត​សមិទ្ធផលថ្មី និងគិតគូរជាសកល និងអនុវត្តតាមបរិការណ៍ក្នុងប្រទេស ក្នុងគោលដៅឈាន​ទៅ​សម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ២០៣០ និងក្លាយជាទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ដូច្នេះនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រ និងគោល​នយោបាយគន្លឹះៗ ដើម្បីធានាឱ្យបាននូវកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព សម្រាប់បន្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ដោយឈរលើគោលការណ៍រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធថ្មី។

ជុំវិញបញ្ហាសេដ្ឋកិច្ច, សម្រាប់ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទីថ្មី, សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ព្យាករថា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកការត្រឡប់​ទៅ​រកភាពល្អប្រសើរឡើងវិញនៃតម្រូវការខាងក្រៅ និងការងើបឡើងវិញនៃទំនុកចិត្តវិនិយោគ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពធុរកិច្ចក្នុងស្រុក នៅបន្តរក្សាបាននូវនិន្នាការកំណើនល្អជាវិជ្ជមាន ។

ទន្ទឹមនេះ ការអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំកន្លងមក បានកំពុងជួយស្តារវិស័យចន្ទល់កំណើនដែលមាន​ស្រាប់និង​ជំរុញការ​អភិវឌ្ឍ​ដល់វិស័យសក្តានុពលថ្មីៗ រួមមាន៖ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, អនុវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ​និងបៃតង រួមចំណែក​ពង្រឹងនូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ សំដៅបន្តធ្វើការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីលើ​កកម្ពស់ភាពធន់នៃសង្គមសេដ្ឋកិច្ចកម្ពុជា ​ក្នុងរយៈពេលមធ្យម និងវែង។

សូមបញ្ជាក់ថា នៅក្នុងព្រឹកថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៣ នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកដំបូង នីតិកាលទី ៧ ដោយមានការយាងអញ្ជើញបើក​សម័យប្រជុំ​ដំបូងរដ្ឋសភា នីតិកាលទី ៧ ​ដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃបើកសម័យប្រជុំសភានីតិកាលទី៧ ក្រោមព្រះរាជអធិបតីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះបន្ទូលថា , ខ្ញុំមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹង មាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ ។

ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជាត្រូវមានឯកភាព និងសាមគ្គីភាព ជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌៤ គឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ៕

ដោយ ៖ សិលា


ចែករំលែក៖