ព័ត៌មានទាន់ហេតុការណ៍៖

ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌

ចែករំលែក៖

ភ្នំពេញ ៖ ការចំលងមេរោគចំពោះម្តាយ និងទារកកំឡុងពេលមានគភ៌ (TORCH infections during pregnancy)

ក) តើTORCH infections ជាអ្វី ហើយបង្កដោយមេរោគអ្វីខ្លះ?

ស្រ្តីដែលកំពុងមានគភ៌ មានប្រព័ន្ធការពារចុះខ្សោយ ជាហេតុធ្វើអោយពួកគាត់មានភាពប្រឈមនឹងជំងឺឆ្លងជាច្រើនកំឡុងពេលពពោះ។ ក្នុងនោះ មានអតិសុខុមប្រាណ ឬមេរោគ (micro-organisms) មួយចំនួនអាចចំលងពីម្តាយ ទៅកាន់ទារកក្នុងគភ៌ និងអាចបង្កផលប៉ះពាល់ កំឡុងពេលជុំវិញសំរាល (Perinatal infection)។

ការយល់ដឹងពីជំងឺទាំងនេះ អាចជួយជាចំនេះដឹងដល់អនាគតម្តាយ ក្នុងការបង្ការ ក៏ដូចជាកាត់បន្ថយការចម្លង។

ភាគច្រើននៃការបង្គរោគជំពូកនេះ បង្កឡើងដោយមេរោគ (Virus)៖

   – T: Toxoplasmosis : ជំងឺ Toxoplasmosis (ឆ្លងតាម ការបរិភោគសាច់មិនឆ្អិន រឺ ឆ្លងពីការប៉ះពាល់លាមកសត្វ ឆ្មា)

   – R: Rubella : ជំងឺស្អូច

   – C: Cytomegalovirus : ជំងឺបង្កដោយមេរោគ Cytomegalovirus (ស៊ីតូម៉េកាឡូវីរុស)

   – H: Herpes (HSV) : ជំងឺពងបែកមាត់ រឺប្រដាប់ភេទ ដែលបង្កមកពីមេរោគ Herpes 

Simplex

   – O: មេរោគមួយចំនួនទៀតក៏អាចឆ្លងពី ម្តាយទៅទារកក្នុងផ្ទៃផងដែរ ដូចជា៖ 

          ១. អេដស៍ 

          ២. ស្វាយកាមរោគ (Syphilis) 

          ៣. អុតស្វាយ (chickenpox) 

          ៤. Parvovirus B19 

          ៥. ជំងឺឆ្លងតាមរយះមូសខ្លា សំខាន់គឺ គ្រុនឈាម គ្រុនឈីក និង Zika…

ខ) តើទារកអាចឆ្លងតាមរបៀបណា?

បើសិនជាស្រ្តីជាម្តាយបានឆ្លងរោគណាមួយ ហើយមិនបានទទួលការព្យាបាលត្រឹមត្រូវ ទារកដែលតូច ហើយខ្សោយ អាចឆ្លងតាម២ដំណាក់កាល៖

   – កំឡុងពេលមានគភ៌ (តាមរយះទងផ្ចិត)

   – កំឡុងពេលជុំវិញសំរាល 

គ) ផលប៉ះពាល់ចំពោះស្រ្តីជាម្តាយ និងទារក

   – ចំពោះស្រ្តីជាម្តាយ៖ ជាទូទៅ មិនមានការប៉ះពាល់សុខភាព និងសុវត្ថិភាពស្រ្តីជាម្តាយនោះទេ។ ជំងឺមួយចំនួន អាចទទួលការព្យាបាលដោយមិនមានផលប៉ះពាល់។

 

   – ចំពោះទារក៖ មានការប៉ះពាល់ច្រើនទៅលើសុខភាពទារក ទាំងក្នុងផ្ទៃ ជុំវិញពេលសំរាល និងក្រោយពេលសំរាល។

   – ការប៉ះពាល់មុនសំរាល៖ ទារកអាចប្រឈមនឹងការសំរាលមុនខែ ឬ គ្រប់ខែ តែមានទំងន់តូច។ ករណីធ្ងន់ អាចប្រឈមនឹងការ រលូត ឬ ស្លាប់ក្នុងពោះ។ ករណីខ្លះ ទារកអាចប្រឈមការមានអវយវៈមិនប្រក្រតី (malformation)។

   – ការប៉ះពាល់ក្រោយសំរាល៖

          ១. ផលប៉ះពាល់ទាក់ទងនឹងការសំរាលមុនខែ (Prematurity Complications)

          ២. សញ្ញានៃការឆ្លងមេរោគពីម្តាយ៖ ក្តៅខ្លួន មិនបៅ ឡើងចុចក្រហមពេញខ្លួន ថ្លើមរីកធំ ខាន់លឿងខុសធម្មតា…

          ៣. ករណីធ្ងន់ទារកអាចមាន ការប្រកាច់ (seizure) ភ្នែកឡើងបាយ (cataracts) វិបត្តិនៃការស្តាប់លឺ (hearing impairment) ក្បាលតូច (microcephaly)…

          ៤. ករណីធ្ងន់ ទារកអាចប្រឈមនឹងការស្លាប់ក្រោយសំរាល

ឃ) តើម្តាយគ្រប់រូបគួរធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?

     តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់ជាមួយវេជ្ជបណ្ឌិតជំនាញ

     កុំពិសារ សាច់ដែលមិនបានចំអិនឆ្អិនល្អ

     កាត់បន្ថយ រឺកុំលេងជាមួយ សត្វឆ្មា ពេលមានផ្ទៃពោះ

     ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់

     គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការផ្តល់ទឹកដោះ និងថែទាំទារក

ដូច្នេះ អនាគតឪពុកម្តាយគ្រប់រូបដែលមានបញ្ហាប្រឈម គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យតែមួយនៅកម្ពុជា ដែលមានការឈានមុខគេខាងផ្នែកឯកទេសកុមារ និងទារក។

នេះជាការបញ្ជាក់ពីខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

ដោយ ៖ សហការី


ចែករំលែក៖