ភ្នំពេញ៖ អតីតម្ចាស់មកុដលំដាប់រងទី១ លឹម សុធាវី ដែលមុននេះបានរៀបការជាមួយបុរសម្នាក់កាលពីដើមឆ្នាំ ២០២៣ ធ្លាប់បានបង្ហាញរូបភាពផ្អែមល្ហែមខ្លាំងប៉ុន្តែពេលនេះបែរជាបង្ហាញអារម្មណ៍សោកសៅខ្លាំងទៅវិញ ។ ការទម្លាយសារសោកសៅជាបន្តបន្ទាប់ជាមួយនឹងជីវិតដែលជ្រើសរើសផ្លូវខុស និងសារសុំទោសទៅកាន់កូនក្នុងផ្ទៃជាដើម។
សារនេះបានបង្កើតឱ្យមានការព្រួយបារម្ភខ្លាំងទៅកាន់នាង ខណៈដែលគេដឹងថា នាងពពោះដំណក់ឈាមរួមគ្នាលើកដំបូងជាមួយនឹងស្វាមីជិតគ្រប់ខែហើយដែរ រហូតមានអ្នកស្គាល់និងអ្នកនៅក្នុងចង្កោមសិល្បៈផ្ញើសារលើកទឹកចិត្តនាងគ្រប់ៗគ្នា។ សារនិងរូបភាពដែលនាងបានបញ្ចេញមុននេះត្រូវបានគេសង្ស័យថា នាងកំពុងមានវិបត្តិគ្រួសារនោះតែម្តង។ អ្វីដែលកាន់តែច្បាស់មុននេះនាងបានបញ្ចេញសារដែលបញ្ជាក់ពីអារម្មណ៍នាងនិងមនុស្សស្រីទូទៅដែលចង់បានភាពស្មោះត្រង់ និងក្តីស្រលាញ់មួយដ៏ពិតប្រាកដ។ នាងបានលើកឡើងថា៖ គ្រប់មនុស្សស្រីតែងប្រាថ្នាចង់បានក្ដីស្រលាញ់ពិតនឹងភាពស្មោះត្រង់តែប៉ុណ្ណោះ នាងមិនដែលចង់បានអ្វីច្រើនពីអ្នកឡើយ ទោះនាងត្រូវលះបង់ភាពស្រស់ស្អាត់ ភាពហៃសូ និងការសប្បាយ ពេលវេលាដើម្បីអ្នក ទោះនាងដឹងថានាងត្រូវចំណាយរូបរាងដ៏ស្រស់ស្អាតរបស់នាងដើម្បីពពោះកូនអ្នកក៏នាងយល់ព្រមដែរ។ នាងបន្តថា ពាក់កណ្ដាលជីវិតហើយដែលនាងស្គាល់តែពាក្យថាសប្បាយ ដើរលេងហឺហា មិនដែលគិតច្រើន ដឹងតែការសប្បាយនិងភាពរីករាយ មិនដែលខ្វល់សូម្បីតែសុខភាព ចូលចិត្ដដើរលេងផឹកសុី និងជួបជុំមិត្ដភក្តិ តែពេលនេះនាងប្រែក្លាយជាម្ដាយម្នាក់ដែលចេះបារម្ភគ្រប់រឿង ចេះគិតច្រើន ចេះថែសុខភាព ចេះខ្លាចខ្លួនឯងឈឺ ចេះសំងំគេងនៅតែផ្ទះ ក៏ព្រោះតែកូន ក៏ព្រោះតែចង់អោយកូនមានសុខភាពល្អ នាងអាចលេបថ្មាំរាល់ថ្ងៃ នាងអាចធ្វើអ្វីគ្រប់យ៉ាងដែលនាងមិនដែលធ្វើ ដោយគ្នានអ្នកបង្ខំនិងគ្មានលក្ខខណ្ឌ ក៏ព្រោះចង់អោយបេះដូងដ៏តូចនៅក្នុងពោះកើតមកមានសុខភាពល្អអោយទៅអ្នក ។
គួរបញ្ជាក់ដែរថា លឹម សុធាវី ត្រូវបានគេស្គាល់ថានាងគឺជាម្ចាស់មកុដលំដាប់រងទី១ពីកម្មវិធី Miss Grand Cambodia 2020 តំណាងខេត្តព្រះសីហនុបន្ទាប់ពីកញ្ញា សេង រដ្ឋាដែលបានបោះបង់តំណែង ហើយនាងក៏លាលែងពីតំណែងមិនទទួលយកការចេញទៅប្រកួតនៅប្រទេសថៃផងដែរនាគ្រានោះ។ នាងបានរៀបការជាមួយបុរសម្នាក់កាលពីអំឡុងខែមីនាឆ្នាំ២០២៣ដែលមុននេះនាងតែងបង្ហោះសារនិងរូបភាពផ្អែមល្ហែមជាមួយស្វាមី ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថា តើបញ្ហាដែលនាងបញ្ចេញនោះជារឿងរ៉ាវទំនាស់នៅក្នុងគ្រួសារឬយ៉ាងណា៕
ដោយ ៖ វឌ្ឍនា