ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស៊ីច្រៀងលេងជាមួយគ្នា ខឹងជនរងគ្រោះមិនឱ្យច្រៀង ទាញកាំបិតកាប់ បណ្ដាលឱ្យរងរបួសជាច្រើនកន្លែង

ចែករំលែក៖

ខេត្តព្រៃវែង ៖ បុរស ៣នាក់ ផឹកស៊ី និងច្រៀងលេងកម្សាន្តជាមួយគ្នាសុខៗក៏កើតមានជាទំនាស់ពាក្យសម្ដី រហូតឈានដល់បង្កហិង្សាទាញកាំបិតកាប់មកលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ដោយសារតែជនសង្ស័យខឹងជនរងគ្រោះមិនឱ្យខ្លួនច្រៀង ។​ នេះបេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​ទី​២៤​ ខែសីហា​ ឆ្នាំ​២០២៣។ 

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១៧ និង ១៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ ឥត ឃ្លី ស្ថិតក្នុងភូមិសាមគ្គី ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ។ 

ជនសង្ស័យមានឈ្មោះ ឡុង ឈីត ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ចំណែកជនរងគ្រោះមានឈ្មោះ ពៅ វីរៈ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានរងរបួសចំនួន ៣កន្លែង ត្រង់ក្បាល ត្រង់ស្មា និងត្រចៀក ។

គួរបញ្ជាក់ថា នៅវេលា និងទីតាំងកើតហេតុខាងលើ ឈ្មោះ ឡុង ឈីត (ជនសង្ស័យ), ឈ្មោះ ពៅ វីរៈ (ជនរងគ្រោះ) និងឈ្មោះ ឥត ឃ្លី (ជាម្ចាស់ផ្ទះ) បានផឹកស៊ីជាមួយគ្នា និងច្រៀងលេងកម្សាន្ត ដោយយកទូរស័ព្ទរបស់ឈ្មោះ ឡុង ឈីត (ជនសង្ស័យ) មកចាក់ច្រៀង ពេលនោះជនសង្ស័យ បានខឹងជនរងគ្រោះមិនឱ្យខ្លួនច្រៀង និងបានទាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យក៏បានយកទូរស័ព្ទខ្លួនវិញ រួចដើរចេញទៅផ្ទះបាត់ទៅ លុះបន្តិចក្រោយមកក៏ត្រឡប់មកវិញយកកាំបិតមកកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួស ៣កន្លែង ត្រង់ក្បាល ស្មា និងត្រចៀក ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ បានចុះអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកពាមជរ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយកន្លែង ដោយឡែក ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល ចាប់ឃាត់យកមកអធិការដ្ឋាននគរបាលស្រុកពាមជរ ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ សហការី


ចែករំលែក៖