សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ប្រទេសជប៉ុនបានចាប់ផ្តើមការបង្ហូរទឹកកាកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក ទោះប្រឈមនឹងភាពចម្រូងចម្រាសក៏ដោយ។
បរិមាណទឹកជាង១លានតោន ដែលត្រូវបានប្រើប្រាស់ដើម្បីបញ្ចុះសីតុណ្ហភាព នៃស្នូលរេអាក់ទ័រនុយក្លេអ៊ែររបស់រោងចក្រ Fukushima ដែលបានរងការបំផ្លិចបំផ្លាញអំឡុងព្រឹត្តិការណ៍គ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ សព្វថ្ងៃកំពុងតែត្រូរក្សាទុកនៅក្នុងអាងធ្វើពីដែកថែបប្រហែល១,០០០អាង នៅទីនោះ។ ការបញ្ចេញទឹកសំណល់វិទ្យុសកម្មទាំងនោះចូលទៅក្នុងផ្ទៃសមុទ្រ គឺជាផ្នែកគន្លឹះនៃផែនការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលនៅបន្តមានគ្រោះថ្នាក់ខ្ពស់មួយនេះ។
ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ Tepco បាននិយាយថា ខ្លួននឹងធ្វើប្រតិបត្តិការបង្ហូរទឹកសរុបចំនួន៤លើក រហូតដល់ខែមីនា ឆ្នាំ២០២៤ ខណៈការបង្ហូរលើកទី១ ដែលទើបចាប់ផ្តើមនាថ្ងៃព្រហស្បតិ៍នេះ នឹងចំណាយពេលប្រហែល១៧ថ្ងៃ។ រដ្ឋាភិបាលជប៉ុនបានអះអាងថា ទឹកទាំងនោះគឺបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មយ៉ាងត្រឹមត្រូវ ដើម្បីច្រោះសារធាតុវិទ្យុសកម្មចេញ ដោយពួកវានៅមានផ្ទុកកម្រិតវិទ្យុសកម្មតិចតួចប៉ុណ្ណោះ ដែលមិនបង្កគ្រោះថ្នាក់ឡើយ។ រីឯទីភ្នាក់ងារថាមពលអាតូមិក IAEA របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ការគាំទ្រដល់ផែនការរបស់ជប៉ុនផងដែរ។
ភ្លាមៗក្រោយជប៉ុនចាប់ផ្តើមបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរចូលក្នុងផ្ទៃសមុទ្រ ចិនបានចេញរិះគន់ថា វាគឺជាទង្វើអត្មានិយមនិងខ្វះការទទួលខុសត្រូវយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ចិនបានសម្រេចផ្អាកការនាំចូលគ្រឿងសមុទ្រជប៉ុនទាំងអស់ថែមទៀតផង។
ទន្ទឹមគ្នា នៅថ្ងៃព្រហស្បតិ៍នេះ មនុស្សជាង១០នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ សម្រាប់ការព្យាយាមសម្រុកចូលស្ថានទូតរបស់ជប៉ុន ប្រចាំនៅទីក្រុងសេអ៊ូល ជុំវិញការបង្ហូរទឹកសំណល់វិទ្យុសកម្មនេះ៕ ដោយ៖ ធីរីណា
រូបថត៖ VTC.VN