ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥។
នៅក្នុងសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្រាបបង្គំទូលថ្វាយ បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ដែលនឹងឈានចូល មកដល់ក្នុងវេលាដ៏ឆាប់ខាងមុខនេះ ជាបឋមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយ វាចាចិត្ត ក្រាបបង្គំថ្វាយព្រះសព្ទសាធុការពរបវរសួស្តីសិរីមង្គលមហាប្រសើរ សូមព្រះករុណាថ្លៃវិសេស ព្រះអង្គ ទ្រង់មានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំទាំក្លៀវក្លា ព្រះឆន្ទៈមនសិការព្រះបញ្ញាញាណ ភ្លឺថ្លាឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ ប្រទានដល់ប្រជានុរាស្ត្ររបស់ព្រះអង្គ បានជ្រកកោនត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាពរៀងដរាបយូរ អង្វែងតទៅ។
ក្នុងអភិលក្ខិតសម័យដ៏មានអត្ថន័យថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជវរោកាស ដ៏ខ្ពង់ខ្ពស់បំផុត ថ្លែងថ្វាយនូវព្រះសក្ខីកម្មជាវិជ្ជមានរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែល ព្រះអង្គស្ដេចទ្រង់បំពេញព្រះរាជបូជនិយកិច្ចានុកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ សាសនា និងមហាប្រជានុរាស្ត្រ របស់ព្រះអង្គ ប្រកបដោយព្រះទសពិធរាជធម៌ និងព្រះមនុស្សធម៌ដ៏ប្រត្យក្ស។ ជាក់ស្តែង ព្រះអង្គតែងតែចូល រួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គ ជួយសាងសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្ត្រ ជាពិសេសតែងតែប្រោសព្រះរាជទាននូវព្រះរាជ ទ្រព្យផ្ទាល់ព្រះអង្គ ជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែ យកព្រះទ័យទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសជាមិត្តលើសកលលោក សំដៅលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ។
តបចំពោះព្រះករុណាទិគុណ និងព្រះវិសុទ្ធគុណដ៏មហាធំធេងឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមវន្ទាឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក មានជាអាទិ៍ ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងទេវតារក្សាស្វេតច្ឆត្រ សូមព្រះអង្គអភិបាល គ្រងរក្សា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ស្ដេចទ្រង់ប្រោសព្រះរាជមេត្តា ទទួលនូវអភិវន្ទនកិច្ច និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ និងភរិយា៕
ដោយ៖ តារា